ពលរដ្ឋប៉ាឡេស្ទីន រត់គេចពីការប្រយុទ្ធ ខណៈអ្នកសម្រុះសម្រួលជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់

ពលរដ្ឋប៉ាឡេស្ទីន បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំងនៅទីក្រុងហ្កាហ្សា ខណៈយោធាអ៊ីស្រាអែល បានពង្រីកបទបញ្ជាជម្លៀសខ្លួន រយៈពេល៩ខែក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។

យោងតាមមន្ត្រីបាននិយាយឲ្យដឹងថា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ក្រុមហាម៉ាស និងអ៊ីស្រាអែល បានដាក់ការទាមទាររបស់ពួកគេសម្រាប់កិច្ចចរចាបទឈប់បាញ់ ខណៈអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា កំណត់ពេល ដើម្បីរៀបចំកិច្ចប្រជុំថ្មី ក្នុងសប្តាហ៍នេះ។

យោងតាមទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ទាហាន និងរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលទៅក្នុងផ្នែកខ្លះនៅទីក្រុងហ្កាហ្សា នៅភាគខាងជើងទឹកដីដែលត្រូវបានហ៊ុមព័ទ្ធ ហើយបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់កំពុងបន្តភៀសខ្លួនម្តងទៀត។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលម្នាក់ បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យោធាអ៊ីស្រាអែល បានអំពាវនាវឱ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីផ្នែកមួយចំនួននៅភាគខាងលិចទីក្រុងហ្កាហ្សា( Gaza City) ដោយបានពង្រីកតំបន់ជម្លៀសខ្លួននៅក្នុងទីក្រុងធំបំផុតរបស់ដែនដីនេះ ដោយមានបទបញ្ជាមិនដល់២សប្តាហ៍ ។

នៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា រូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ AFPTV បានបង្ហាញសមាជិកអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន យកសាកសពចេញពីគំនរបាក់បែក បន្ទាប់ពីការវាយប្រហារនៅស្រុក Jabalia តំបន់ហ្កហ្សា។

យោធាអ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហារបានដាក់ទៅលើគោលដៅជាច្រើនកន្លែង នៅក្នុងទីក្រុង Rafah និងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កហ្សា។