ប្រទេសចិន និងបេឡារុស ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនប៉ូឡូញ

ក្រសួងការពារជាតិបេឡារុស និងចិន បាននិយាយថា ប្រទេសទាំងពីរបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាកាលពីថ្ងៃចន្ទ (០៨ កក្កដា) នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែននៃប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ហើយសមយុទ្ធនោះចាប់ផ្តើមនៅមុនកិច្ចប្រជុំកំពូលនៃសម្ព័ន្ធយោធាមួយនេះ។

លោកឧត្តមសេនីយ វ៉ាឌីម ដេនីសិនកូ (Vadim Denisenko) ប្រធានបញ្ជាការប្រតិបត្តិការពិសេសរបស់បេឡារុស ត្រូវបានដកស្រង់សម្តីដោយក្រសួងការពារជាតិបេឡារុស នៅក្នុងបណ្ដាញតេលេក្រាមថា «ព្រឹត្តិការណ៍ដែលកើតឡើងនៅលើពិភពលោកគឺគួរឱ្យព្រួយបារម្ភណាស់ ហើយស្ថានភាពមិនសូវស្រួលនោះទេ ដូច្នេះយើងនឹងអនុវត្តទម្រង់ថ្មី និងវិធីសាស្រ្តក្នុងការអនុវត្តសមយុទ្ធតាកទិក»។

ក្រសួងបាននិយាយថា សមយុទ្ធដែលមានឈ្មោះថា «សមយុទ្ធវាយប្រហារ» (Falcon Assault) នឹងដំណើរការរហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយកំពុងធ្វើឡើងនៅទីលានហ្វឹកហាត់មួយនៅជិតទីក្រុង ប្រេស (Brest) នៅភាគនិរតីបេឡារុស ស្ថិតនៅជាប់ព្រំដែនជាមួយប៉ូឡូញ។

ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា បេឡារុសបានរៀបចំ «ពិធីស្វាគមន៍ដ៏ធំ» សម្រាប់កងទ័ពចិនដែលទៅដល់បេឡារុស កាលពីថ្ងៃទី០៦ ខែកក្កដា។ ក្រសួងបាននិយាយថា «ការហ្វឹកហ្វឺនរួមគ្នានេះមានគោលបំណងបង្កើនសមត្ថភាពសម្របសម្រួលនៃកងទ័ពដែលចូលរួម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ»៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *