សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ (០៣ មិថុនា) ថា ការបោះឆ្នោតរបស់កូរ៉េខាងត្បូង ដែលមើលឃើញបេក្ខជនមកពីក្រុមសេរីនិយម លោក Lee Jae-myung ឈ្នះតំណែងប្រធានាធិបតីថ្មី គឺមានភាពយុត្តិធម៌ណាស់ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលជ្រៀតជ្រែករបស់ចិន។
មន្ត្រីសេតវិមានមួយរូបបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រថា “សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង នៅតែរក្សាភាពរឹងមាំដដែល។ ខណៈកូរ៉េខាងត្បូង មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភ និងប្រឆាំងទៅនឹងការជ្រៀតជ្រែក និងឥទ្ធិពលរបស់ចិន នៅក្នុងលទ្ធិប្រជាធិបតេយ្យជុំវិញពិភពលោក”។
មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតពីការចោទប្រកាន់លើចិន ឬភ្ជាប់រឿងនេះដោយផ្ទាល់ទៅនឹងការបោះឆ្នោតកូរ៉េខាងត្បូងនោះទេ។ យ៉ាងណាក៏ដោយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធមិត្តស្តាំនិយមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់គោលដៅលើលោក Lee ខណៈប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនេះតែងលើកឡើងពីតម្រូវការធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងរបស់ទីក្រុងសេអ៊ូល ជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍អបអរសាទរលោក Lee ហើយក៏ដូចជាសេតវិមានដែរ ប្រមុខការបរទេសរូបនេះបាននិយាយពីសម្ព័ន្ធភាពដែកថែបរបស់ប្រទេសទាំងពីរ ប៉ុន្តែលោកមិនបាននិយាយពីក្ដីបារម្ភលើពីប្រទេសចិនទេ៕
Leave a Reply