រដ្ឋាភិបាលហូឡង់ បានដួលរលំ បន្ទាប់ពីមេដឹកនាំស្តាំនិយមជ្រុល លោក Wilders លាលែងពីក្រុមចម្រុះ

រដ្ឋាភិបាលប្រទេសហូឡង់ បានដួលរលំកាលពីថ្ងៃអង្គារ (០៣ មិថុនា) ដែលទំនងជាជំរុញឱ្យមានការបោះឆ្នោតមុនអាណត្តិមួយ បន្ទាប់ពីអ្នកនយោបាយប្រឆាំងមូស្លីម លោក Geert Wilders មកពីគណបក្សដើម្បីសេរីភាព ហៅកាត់ថា PVV បានចាកចេញពីក្រុមចម្រុះស្តាំនិយម ដោយចោទប្រកាន់បក្សផ្សេងទៀតថាមិនបានគាំទ្រគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Dick Schoof ដែលជាអ្នកនយោបាយឯករាជ្យ បានចោទលោក Wilders ថាពុំមានការទទួលខុសត្រូវ ហើយគណបក្សនៅក្រុមចម្រុះផ្សេងទៀត បានបដិសេធមិនគាំទ្រមេដឹកនាំស្ដាំនិយមជ្រុលរូបនេះ ដោយនិយាយថា ពួកគេបានរង់ចាំសំណើពីរដ្ឋមន្ត្រីអន្តោប្រវេសន៍របស់បក្ស PVV ផ្ទាល់របស់លោក Wilders អស់ពេលយ៉ាងយូរ។

លោក Wilders បានប្រាប់ពីមូលហេតុដែលលោកចាកចេញពីក្រុមចម្រុះ ដោយលើកឡើងថា “លោកបានស្នើផែនការបិទព្រំដែនសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន បញ្ជូនពួកគេទៅឱ្យឆ្ងាយ បិទកន្លែងជ្រកកោន ហើយលោកទាមទារឱ្យដៃគូចម្រុះចុះហត្ថលេខាលើសំណើនេះ ប៉ុន្តែបក្សនានាមិនព្រមធ្វើបែបនោះឡើយ ដូច្នេះលោកពុំមានជម្រើសអ្វីក្រៅតែពីដើរចេញនោះទេ”។

ពេលនេះ បណ្ដារដ្ឋមន្ត្រី PVV នឹងលាលែងពីគណៈរដ្ឋមន្ត្រី ដោយទុកឱ្យអ្នកផ្សេងទៀតបន្តធ្វើជារដ្ឋបាលចាំផ្ទះ រហូតដល់មានការបោះឆ្នោតថ្មី ដែលទំនងជាមិនត្រូវបានធ្វើឡើងនៅមុនខែតុលានោះទេ។ ការខកចិត្តជាមួយនឹងអន្តោប្រវេសន៍ និងតម្លៃចំណាយប្រចាំថ្ងៃដ៏ខ្ពស់ កំពុងជំរុញប្រជាប្រិយភាពក្រុមស្ដាំនិយមជ្រុល និងពង្រីកការខ្វែងគំនិតនៅអឺរ៉ុប៕