


កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គ្រោងនឹងបន្តដល់ថ្ងៃទីពីរ នៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស ខណៈបណ្ដាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់មកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ បានស្វះស្វែងរកដំណោះស្រាយជម្លោះពាណិជ្ជកម្មដ៏ជូរចត់ ដែលបានពង្រីកចាប់ពីការដំឡើងពន្ធទៅមក រហូតដល់ការរឹតបន្តឹងលើរ៉ែកម្រ ដែលគំរាមកំហែងបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងពន្យឺតកំណើនសេដ្ឋកិច្ច។
កិច្ចពិភាក្សាថ្ងៃទីមួយនៅឯវិមាន Lancaster House ដែលជាវិមានរដ្ឋាភិបាលចក្រភពអង់គ្លេសដ៏ស្រស់បំព្រង បានបញ្ចប់នៅពេលយប់កាលពីថ្ងៃចន្ទ ហើយត្រូវបានកំណត់ឱ្យបន្តនៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃអង្គារ ១០ មិថុនា នេះ នេះបើតាមប្រភពពីសហរដ្ឋអាមេរិកដែលដឹងពីកិច្ចចរចា។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ដើម្បីបន្ថយភាពតានតឹងពាណិជ្ជកម្មក្នុងរយៈពេលខ្លី និងធ្វើឱ្យទីផ្សារស្ងប់ស្ងាត់។ ចាប់តាំងពីពេលនោះមក អាមេរិកបានចោទដាក់ចិន ថាបានដើរយឺតក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសជុំវិញការនាំចេញរ៉ែកម្រ ចំណែកទីក្រុងប៉េកាំង ចោទដាក់អាមេរិកវិញថាបានរំលោភលើកិច្ចព្រមព្រៀង។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានដាក់ការជំរុញជាវិជ្ជមានលើកិច្ចពិភាក្សា ដោយនិយាយថា ជំនួបកំពុងដំណើរការល្អ ហើយលោកកំពុង “ទទួលបានរបាយការណ៍ល្អៗ” ពីក្រុមមន្រ្តីអាមេរិក នៅទីក្រុងឡុងដ្រ៍។ កិច្ចពិភាក្សានៅអង់គ្លេសនេះ បានកើតឡើងក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចទាំងពីរ ដែលកំពុងបង្ហាញសញ្ញានៃភាពតានតឹងពីការដំឡើងពន្ធរបស់លោក Trump ចាប់តាំងពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមានក្នុងខែមករាមក៕

Leave a Reply