

អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (០៩ មិថុនា) ថា ខ្លួននឹងប្រគល់សំណើប្រឆាំងតប ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណើផ្តល់ជូនរបស់ទីក្រុងវ៉ាស៊ីនតោន ដែលទីក្រុងតេអេរ៉ង់ ចាត់ទុកថា “មិនអាចទទួលយកបាន” ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចពិភាក្សានុយក្លេអ៊ែរជុំទី៦ នឹងបន្តទៅមុខ។
លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរនៅតែមានជម្លោះទៅលើថា តើអ៊ីរ៉ង់ នឹងត្រូវអនុញ្ញាតឱ្យបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើទឹកដីខ្លួនទៀតដែរឬទេ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន លោក Trump បានលើកឡើងថា “អ៊ីរ៉ង់ ចង់ស្នើសុំនូវអ្វីដែលមិនអាចធ្វើបាន។ អ៊ីរ៉ង់មិនចង់បោះបង់នូវអ្វីដែលពួកគេត្រូវលះបង់ទេ ហើយពួកគេចង់បន្តការចម្រាញ់ ប៉ុន្តែអាមេរិក មិនអាចឱ្យមានសកម្មភាពនេះបានឡើយ”។
នៅមុននោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់ កំពុងរៀបចំសំណើប្រឆាំងតប ចំពោះសំណើមានស្រាប់របស់អាមេរិក ដែលបង្ហាញកាលពីចុងខែឧសភា។ លោកបន្ថែមថា មិនមានព័ត៌មានលម្អិតពីពេលវេលានៃការចរចាជុំទី៦ ទេ។
ខណៈដែលលោក Trump និយាយថា ជុំបន្ទាប់នៃកិច្ចចរចា នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងមន្ត្រីអាមេរិកនិយាយថា កិច្ចចរចាជុំទី៦ ក្នុងថ្ងៃព្រហស្បតិ៍នោះ ទំនងជាមិនអាចទៅរួចទេ។ បន្ទាប់ពីការលើកឡើងរបស់លោក Trump លោក Baghaei បាននិយាយថា “ផ្អែកលើការពិគ្រោះយោបល់នាពេលថ្មីៗនេះ ជុំបន្ទាប់នៃការចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងត្រូវបានគ្រោងទុកសម្រាប់ថ្ងៃអាទិត្យសប្ដាហ៍បន្ទាប់ ក្នុងទីក្រុង Muscat” នេះបើយោងតាមបណ្តាញតេលេក្រាមរបស់ក្រសួងការបរទេសអ៊ីរ៉ង់៕

Leave a Reply