ខណៈប្រតិបត្តិការយោធាអាមេរិក ឈ្មោះថា “Midnight Hammer” ចាប់ផ្តើមកាលថ្ងៃសៅរ៍ចុងសប្ដាហ៍ ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-2 មួយក្រុមបានហោះចេញពីមូលដ្ឋានក្នុងរដ្ឋ Missouri ហើយត្រូវបានកត់សម្គាល់ឃើញថាកំពុងឆ្ពោះទៅកាន់កោះហ្គាំ នៅប៉ាស៊ីហ្វិក នៅក្នុងអ្វីដែលក្រុមអ្នកជំនាញយល់ឃើញថា អាចទៅត្រៀមទីតាំងជាមុនសម្រាប់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការវាយប្រហារអ៊ីរ៉ង់។
ប៉ុន្តែទាំងនោះជាការបំភ័ន្តភ្នែកបោកបញ្ឆោតប៉ុណ្ណោះ។ តាមការពិត ក្រុមយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន ៧គ្រឿងពិតប្រាកដ បានហោះទៅទិសខាងកើត ដោយមិនត្រូវប្រទះឃើញអស់ពេល ១៨ម៉ោង និងរក្សាទំនាក់ទំនងឱ្យនៅកម្រិតអប្បបរមា ដោយបានចាក់សាំងនៅពាក់កណ្តាលអាកាស នេះបើតាមការបើកបង្ហាញរបស់យោធាអាមេរិក កាលពីថ្ងៃអាទិត្យ (២២ មិថុនា)។
នៅពេលយន្តហោះទម្លាក់គ្រាប់បែកទាំងនោះនៅជិតដែនអាកាសអ៊ីរ៉ង់ នាវាមុជទឹកអាមេរិកបានបាញ់មីស៊ីលវាយប្រហារលើដីគោក Tomahawk ច្រើនជាង ២០គ្រាប់។ យន្តហោះចម្បាំងអាមេរិកបានហោះហើរបញ្ឆោតនៅពីមុខយន្តហោះទម្លាក់គ្រាប់បែក ដើម្បីបើកផ្លូវពិនិត្យរកយន្តហោះចម្បាំង និងមីស៊ីលរបស់អ៊ីរ៉ង់។
ក្រោយមក យន្តហោះទម្លាក់គ្រាប់បែក B-2 បានទម្លាក់គ្រាប់បែកឃួងបំផ្ទុះគោលដៅក្រោមដីគឺអាវុធយុទ្ធភណ្ឌដ៏ធំសម្បើម GBU-57 ចំនួន ១៤គ្រាប់ ដែលនីមួយៗមានទម្ងន់ ៣០.០០០ផោន ពោលគឺជាង ១៣.៦០០គីឡូក្រាម។ យោងតាមមន្ទីរបញ្ចកោណ បានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងយន្តហោះយោធាអាមេរិកប្រមាណលើសពី ១២៥គ្រឿង។
តាមទស្សនៈរបស់យោធាអាមេរិក ប្រតិបត្តិការនេះគឺជាជោគជ័យយុទ្ធសាស្ត្រដ៏អស្ចារ្យ។ ឧត្តមសេនីយ Dan Caine ប្រធាននាយសេនាធិការចម្រុះបានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណក្នុងថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចគេចពីយន្តហោះអាមេរិកបានសូម្បីតែមួយ ហើយត្រូវបានវាយប្រហារចំគោលដៅច្បាស់ៗមិនអាចត្រៀមខ្លួនទាន់៕
Leave a Reply