បរទេស ៖ អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានគំរាមវាយប្រហារ កម្ទេចមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារ តាមអាកាសដ៏ធំ ដែលក្រុងវ៉ាស៊ីនតោនអះអាងថា បានបំផ្លាញកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ទោះបីជាមន្ត្រីមួយចំនួនបានព្រមានថា ទំហំនៃការខូចខាត គឺ មិនច្បាស់លាស់ ក៏ដោយ។
លោក Ali Akbar Velayati ទីប្រឹក្សា របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា មូលដ្ឋានដែលប្រើប្រាស់ ដោយកងកម្លាំងអាមេរិក អាចត្រូវបានវាយប្រហារ នៅក្នុងការសងសឹក។
លោកបាននិយាយ តាមរយៈសារមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា «ប្រទេសណាមួយ នៅក្នុងតំបន់ ឬ កន្លែងផ្សេងទៀត ដែលត្រូវបានប្រើប្រាស់ ដោយកងកម្លាំងអាមេរិក ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថា ជាគោលដៅវាយប្រហារ ស្របច្បាប់ ពីសំណាក់កងកម្លាំង ប្រដាប់អាវុធ របស់យើង»។
គួររម្លឹកថា អាមេរិកបានបញ្ជាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។ ជាការឆ្លើយតប ទៅនឹងការវាយប្រហារ កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារ លើទីតាំងនានា ក្នុងប្រទេសអ៊ីស្រាអែល រួមទាំង អាកាសយានដ្ឋាន Ben Gurion ក្បែរទីក្រុង Tel Aviv បណ្តាលឲ្យមនុស្សយ៉ាងតិច២៣នាក់ បានរងរបួស។ អ៊ីស្រាអែល គឺជាប្រទេស ដែលបានបើកការវាយប្រហារ ដ៏ភ្ញាក់ផ្អើល ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៕
ប្រភពពី AFP
Leave a Reply