ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការ​ពិត និងគ្មានការទទួលខុសត្រូវ របស់ កងទ័ពជើងគោកថៃ ពាក់ព័ន្ធ​ករណីទាហាន​ថៃនាំអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយមិនមាន​ការជូនដំណឹងជាមុន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះ​អាងផ្ទុយ​ពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់​ព័ន្ធ​នឹ​ង​ករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតា​មាន់​ធំ​ដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជា បញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយ​តប​របស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួល​ខុស​ត្រូវខ្ពស់។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះ​ពាល់​ដល់​ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។

នេះបើយោងតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់​អហង្ការ​ចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំ​ពាក្យកងទ័ព​ជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅ​ភូមិ​តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះ​ឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការ​បញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖

ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបាន​ជូនដំ​ណឹង​ដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃ​ចំនួន ១៥០​នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបាន​ទទួលការជូ​​ន​ដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការ​មក​ទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ព​ថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាព​ប្រកប​ដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែល​បញ្ជាក់យ៉ាង​ច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះ​កង់​ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និង​ប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនា​ដោយ​គ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀង​ហើយបាន​ជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបី​ជា​មានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ព​កម្ពុជា​បាន​អនុញ្ញាត​ឱ្យពួក​​គេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញ​ឱ្យឃើញ​ពីការ​អត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការ​ជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាច​បណ្តាល​មកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋា​ភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទី​ត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទ​បាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ាន​ទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិត​ជាមួយ​ប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាច​ក្រ​កម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះ​ក្នុងតម្លៃ​ណា​ក៏ដោយ។

ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ​១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិប​តេយ្យ​របស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យ​ភាគី​ថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកប​ដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាច​បំ​ផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពល​ខេមរភូមិន្ទ នៃព្រះ​រា​ជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំ​នាក់​ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពាន​បានជាដាច់ខាត៕