លោក ត្រាំ គំរាមអ៊ីរ៉ង់កុំឱ្យសងសឹក បើមិនចង់ផ្លាស់ប្តូររបបដឹកនាំ

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក នៅថ្ងៃអាទិត្យ បានព្រមានធ្ងន់ៗកុំឱ្យអ៊ីរ៉ង់សងសឹកវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបញ្ជូនយន្តហោះ B-2 ទៅទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់កាលពីចុងសប្តាហ៍មុន និងបានលើកឡើងពីការផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា “ការផ្លាស់ប្តូររបបដឹកនាំ” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ ហេតុអ្វីបានជាមិនមានការផ្លាស់ប្តូររបបនេះទៅ?។ លោក ត្រាំ ក៏បានបន្ថែមអក្សរកាត់អង់គ្លេសថា MIGA ដែលមានន័យថា ធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត (MAKE IRAN GREAT AGAIN)។

ប្រតិបត្តិការយោធាអាមេរិកប្រឆាំងអ៊ីរ៉ង់កាលពីចុងសប្ដាហ៍មុន មានឈ្មោះថា “Operation Midnight Hammer”។ លោកឧត្តមសេនីយ៍ Dan Caine ប្រធាននាយសេនាធិការចម្រុះអាមេរិកប្រាប់អ្នកសារព័ត៌មានថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿងបានហោះហើរអស់ ១៨ម៉ោងពីអាមេរិកទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែក “ឃួងបំផ្ទុះគោលដៅក្រោមដី” ចំនួន ១៤គ្រាប់។

សរុបមក អាមេរិកបានបាញ់គ្រាប់បែកប្រើប្រព័ន្ធបញ្ជាចំនួន ៧៥គ្រាប់ រួមទាំងមីស៊ីល Tomahawk ជាង ២០គ្រាប់ និងយន្តហោះយោធាលើសពី ១២៥គ្រឿង ក្នុងប្រតិបត្តិការប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងរបស់អ៊ីរ៉ង់។

ប្រតិបត្តិការយោធាអាមេរិកនេះ បានរុញច្រានស្ថានការណ៍នៅមជ្ឈិមបូព៌ាឆ្ពោះទៅកាន់គែមដ៏មហន្តរាយថ្មីមួយទៀត នៅក្នុងតំបន់មួយដែលរងការបំផ្លិចបំផ្លាញអស់រយៈពេលជាង ២០ខែមកហើយ ដោយសារសង្គ្រាមនៅហ្គាហ្សា និងលីបង់ រួមទាំងការផ្តួលរលំមេដឹកនាំផ្តាច់ការនៅស៊ីរី៕

ប្រភព ៖ រ៉យទ័រ