(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។
ជាមួយគ្នានេះ, សូមអរគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពីការចូលរួមក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានធ្វើត្រូវ ក្នុងការការពារអធិបតេយ្យ, បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។
សម្ដេចធិបតី បន្ថែមថា ស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិទាំងនេះ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជា មានស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណា អាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ ។ បន្ថែមពីនេះ, យុវជន នៅតែជាធនធានដ៏សំខាន់ក្នុងការចូលការពារ និងកសាងជាតិ គ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ។
ពាក់ព័ន្ធនឹងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងប្រទេសអ៉ីរ៉ង, សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងកំឡុងពេលនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងក្រសួង -ស្ថាប័នពាក់ព័ន្ធ បាន និងកំពុង ទាក់ទងជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ សិក្សា និងរស់នៅក្នុងប្រទេសអ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង់ ដើម្បីសួរសុខទុក្ខ និងដោះស្រាយជូនពួកគាត់ តាមការចាំបាច់។ ជាមួយគ្នានេះ, សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអ៉ីស្រាអែល និងអ៉ីរ៉ង់ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងរស់នៅ ។
សម្ដេចធិបតី បានអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានជំរុញចលនាគាំទ្រ ផលិតផលក្នុងស្រុក និងសូមបន្តគាំទ្រផលិតក្នុងស្រុកបន្ថែមទៀត តែសូមកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក ព្រមទាំងជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ។ បន្ថែមពីនេះ, សូមកុំពង្រីកបញ្ហាបន្ថែម ដែលឈានទៅដល់ការរើសអើងជាតិសាសន៍ និងអរិភាព រវាងប្រជាជន និងប្រជាជន ។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកប្រទេសកម្ពុជាវិញ កម្ពុជា ស្វាគមន៍ និងសម្របសម្រួលជូនជានិច្ច ទោះបីជាមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ៕
Leave a Reply