រដ្ឋអារ៉ាប់រួមគ្នាថ្កោលទោសយ៉ាងខ្លាំង ក្រោយអាមេរិកវាយអ៊ីរ៉ង់យ៉ាងគឃ្លើន

ឌូបៃ ៖ បណ្តាប្រទេសអារ៉ាប់ នៅថ្ងៃអាទិត្យ បានរួមគ្នាថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីអាមេរិកបញ្ចេញយន្តហោះចម្បាំងទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ និងអំពាវនាវឱ្យស្វែងរកផ្លូវការទូតវិញ។

ប្រទេសអូម៉ង់ដែលកំពុងតែសម្រុះសម្រួលកិច្ចចរចានុយក្លេអ៊ែរ រវាងអាមេរិក-អ៊ីរ៉ង់ បានចេញមុខថ្កោលទោសអាមេរិកយ៉ាងខ្លាំង ហើយចាត់ទុកទង្វើអាមេរិកប្រឆាំងអ៊ីរ៉ង់ ថាជាសកម្មភាពខុសច្បាប់ និងទទូចឱ្យកាត់បន្ថយភាពតានតឹងជាបន្ទាន់។

អេហ្ស៊ីបក៏បានថ្កោលទោសផងដែរ ចំពោះការកើនឡើងអរិភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានអំពី “ផលប៉ះពាល់ដ៏គ្រោះថ្នាក់” សម្រាប់តំបន់ និងអំពាវនាវឱ្យមានផ្លូវការទូត។

រីឯប្រទេសអេមីរ៉ាត់អារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីតបានសម្តែងការព្រួយបារម្ភខ្លាំង ហើយអំពាវនាវឱ្យបញ្ចប់អរិភាព និងទប់ស្កាត់ភាពតានតឹងជាបន្ទាន់។ ចំណែកប្រទេសកាតាដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតនៅមជ្ឈិមបូព៌ា បាននិយាយថា ខ្លួនភ័យខ្លាចផលវិបាកដ៏មហន្តរាយដែលអាចនឹងកើតឡើងទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។

ប្រទេសសម្បូរប្រេងជាច្រើននៅមជ្ឈិមបូព៌ា ដែលជាម្ចាស់ផ្ទះ និង មូលដ្ឋានសំខាន់ៗរបស់អាមេរិក ភាគច្រើនមានការព្រួយបារម្ភថា ការផ្ទុះសង្គ្រាមអាចគំរាម កំហែងដល់សន្តិសុខ និង សេដ្ឋកិច្ចរបស់ពួកគេ។

ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ចំនួនបី ដោយពណ៌នាវាថា ជា “ជោគជ័យយោធាដ៏អស្ចារ្យ”៕

ប្រភព ៖ ស៊ីនហួ