តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបោះពាក្យសម្តីគំរាមខ្លាំងៗ
នៅថ្ងៃអាទិត្យថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងទទួលបានការឆ្លើយតបដ៏សាកសម ចំពោះការឈ្លានពានរបស់ខ្លួន ក្រោយហ៊ានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់យ៉ាងគគ្លើន។
លោក Pezeshkian បានព្រមានបែបនេះ ក្នុងអំឡុងការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។
ឆ្លើយតបទៅនឹងការទទូចរបស់លោក Macron ឱ្យមានការអត់ធ្មត់ ប្រធាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយថា អាមេរិកត្រូវតែប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ពីការដើរផ្លូវខុស ដែលហ៊ានសម្រេចចិត្តវាយប្រហារលើអ៊ីរ៉ង់។
លោកបានពណ៌នាការប្រើកម្លាំងយោធារបស់អាមេរិកថា ជានិមិត្តសញ្ញាបង្ហាញពីភាពមិនស្មោះត្រង់ ប្រាស់ចាកពីកិច្ចសន្ទនាដោយសន្តិវិធី និងការស្វែងរកសន្តិភាពពិតប្រាកដ។
យ៉ាងណាមិញនលោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះផ្នែកការទូតជាមួយអឺរ៉ុប ដោយនិយាយថា អ៊ីរ៉ង់តែងតែប្រកាសពីការត្រៀមខ្លួនសម្រាប់ការសន្ទនា និងអន្តរកម្មជាមួយអឺរ៉ុប។
ការវាយប្រហាររបស់អាមេរិក កើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមិថុនា លើគោលដៅផ្សេងៗក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងមេដឹកនាំយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។
គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន មនុស្សជាង ៤០០នាក់បានស្លាប់ និងជាង ៣.៥០០នាក់បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។ ននៅអ៊ីស្រាអែលវិញ អាជ្ញាធរ បាន រាយការណ៍ ថា មាន អ្នក ស្លាប់ ២៤ នាក់៕
ប្រភព ៖ ស៊ីនហួរ
Leave a Reply