ពលរដ្ឋរាប់សិបលាននាក់ក្នុងទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ប្រឈមថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ

មនុស្សរាប់សិបលាននាក់នៅក្នុងទីក្រុងធំៗនៅទូទាំងភាគឦសាននៃសហរដ្ឋអាមេរិក កំពុងប្រឈមមុននឹងសីតុណ្ហភាពខ្ពស់ខ្លាំងបំផុតកាលពីថ្ងៃអង្គារ (២៤ មិថុនា) នៅក្នុងអ្វីដែលត្រូវបានរំពឹងថាជាថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ ដែលបានគ្របដណ្ដប់យ៉ាងក្ដៅគគុកលើផ្នែកជាច្រើនរបស់ប្រទេសនេះចាប់តាំងពីចុងសប្តាហ៍មុនមក។

សេវាអាកាសធាតុជាតិបានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោន និងក្រុងបូស្តុន នឹងកើនឡើងដល់ ៣៨អង្សាសេ លើសពីកំណត់ត្រាពីមុនរហូតដល់ ៦អង្សាសេ។ នៅតំបន់ Central Park នៃទីក្រុងញូវយ៉ក សីតុណ្ហភាពអាចឡើងដល់ ៣៧អង្សាសេ លើសពីកម្រិតខ្ពស់បំផុតនៃ ៣៥អង្សាសេពីមុន។

សេវាអាកាសធាតុជាតិបន្តថា កម្ដៅខ្ពស់បែបនេះក៏អាចបង្កើនសីតុណ្ហភាពដល់កម្រិតកំណត់ត្រានៅទូទាំងផ្នែកផ្សេងទៀតនៃភាគខាងកើតសហរដ្ឋអាមេរិក រួមទាំងភាគខាងជើងរដ្ឋ Georgia, រដ្ឋ Carolina ទាំងពីរ, រដ្ឋ Virginia រដ្ឋ Maryland និងរដ្ឋ Pennsylvania ផងដែរ។ លោក Bob Oravec អ្នកដឹកនាំការព្យាករនៅសេវាកម្មអាកាសធាតុជាតិបាននិយាយថា “នេះមើលទៅប្រហែលជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់កំណត់ត្រាកម្ដៅដ៏រីករាលដាល” ដោយបន្ថែមថា កម្ដៅខ្លាំងបំផុតគឺប្រមូលផ្តុំនៅភាគឦសាន។

កម្ដៅដ៏គ្រោះថ្នាក់កំពុងបង្កការរំខានជាច្រើនដល់ការដឹកជញ្ជូនសាធារណៈទូទាំងភាគឦសាន ដោយបណ្ដាញរថភ្លើង Amtrak និយាយថា ខ្លួនត្រូវបង្ខំឱ្យរថភ្លើងបន្ថយល្បឿននៅចន្លោះម៉ោង ១២ថ្ងៃត្រង់ និង ៨យប់ នៅថ្ងៃអង្គារ។ តំបន់ទេសចរណ៍មួយចំនួនរងផលប៉ះពាល់ ខណៈក្រុមហ៊ុនសំណង់ត្រូវបង្ខំឱ្យទូទាត់សងសម្រាប់អាកាសធាតុក្ដៅគគុកនេះ ដើម្បីធានាថាកម្មកររបស់ពួកគេមានសុវត្ថិភាព៕