រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារ (២៤ មិថុនា) ថា ខ្លួននឹងទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ១២គ្រឿង ដែលមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរតាកទិក នៅក្នុងអ្វីដែលខ្លួនពិពណ៌នាថាជាការពង្រីកដ៏ធំបំផុតនៃប្រព័ន្ធរារាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងមួយជំនាន់។
វិមាននាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បានឱ្យដឹងថា ការទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Lockheed Martin នេះនឹងអនុញ្ញាតឱ្យកងកម្លាំងអាកាសរបស់ចក្រភពអង់គ្លេស អាចផ្ទុកអាវុធនុយក្លេអ៊ែរបានជាលើកដំបូង ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់មក។
លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាជ្រុលនិយមបែបនេះ អង់គ្លេសមិនអាចព្រងើយកន្តើយនឹងសន្តិភាពបានទៀតទេ ហើយនេះជាមូលហេតុដែលរដ្ឋាភិបាលអង់គ្លេស កំពុងវិនិយោគលើសន្តិសុខជាតិរបស់ខ្លួន”។
គួរឱ្យដឹងថា ចក្រភពអង់គ្លេស កំពុងតែបង្កើនការចំណាយយ៉ាងច្រើនលើវិស័យការពារជាតិ និងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងយោធារបស់ខ្លួន រួមទាំងកងនាវាមុជទឹកផងដែរ ដោយសារប្រទេសនេះប្រឈមមុខនឹងអរិភាពកើនឡើងពីរុស្ស៊ី និងនៅពេលដែលសហរដ្ឋអាមេរិក ដកថយពីតួនាទីជាប្រពៃណីរបស់ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខទ្វីបអឺរ៉ុប។
រដ្ឋាភិបាលអង់គ្លេសនិយាយថា ការទិញយន្តហោះចម្បាំងនេះនឹងអនុញ្ញាតឱ្យខ្លួនរួមចំណែកនូវអ្វីដែលគេហៅថា យន្តហោះដែលមានសមត្ថភាពទ្វេមុខងារដល់អង្គការណាតូ ដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរក្នុងករណីមានជម្លោះ។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា “នេះគឺជាការរួមចំណែកដ៏រឹងមាំមួយទៀតរបស់អង់គ្លេសចំពោះសម្ព័ន្ធយោធាណាតូ”៕
Leave a Reply