ក្រសួងកសិកម្មបន្តបាញ់ថ្នាំកសិកម្មកម្ចាត់សត្វចង្រៃ ក្នុងស្រុកចំនួនបី នៅខេត្តព្រៃវែង

ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវពីសំណាក់រុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ នៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបន្តចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាវាយតម្លៃលើការរាតត្បាត និងបំផ្លាញដំណាំស្រូវពីរុយស ដង្កូវមូរស្លឹក និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃទាំងនោះ និងនាំយកដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់រុយស និងដង្កូវមូរស្លឹកជូនប្រជាពលរដ្ឋដែលរងការបំផ្លាញពីពពួកសមាសភាពចង្រៃទាំងនោះ និងផ្ដល់បច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលអាចកម្ចាត់សមាសភាពចង្រៃជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម ក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវរុយស និងដង្កូវមូរស្លឹកនៅឡើយ។ ជាក់ស្តែង បញ្ហារុយស និងដង្កូវមូរស្លឹកបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់នៅខេត្តព្រៃវែង ជាពិសេសនៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំជាច្រើនហិកតា។

ឯកឧត្តមបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវ ក្នុងការចុះពិនិត្យស្រែ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ រុយស និងដង្កូវមូរស្លឹកអាចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករមិនខាន។

ឯកឧត្តម បានបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយស និងដង្កូវមូរស្លឹក កំពុង​បំផ្លាញ​ដំណាំស្រូវ ត្រូវរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មាន​ទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រ​នៃការ​ជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់រុយស និងដង្កូវមូរដើមនោះឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្នុងសកម្មភាពខាងលើនេះ ក៏មានការចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អភិបាលរងខេត្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំផងដែរ៕