ក្រុមអ្នកគាំទ្រលោក Trumpជួបជុំគ្នានៅ Mar-a-Lagoក្រោយហេតុការណ៍បាញ់ប្រហារការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតអាមេរិក

ក្រុមអ្នកគាំទ្រលោក Donald Trump បានជួបជុំគ្នានៅជិតរម្យនីយដ្ឋាន Mar-a-Lago ស្ថិតក្នុងរដ្ឋ Florida ក្រោយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ រងការបាញ់ប្រហារត្រូវចំត្រចៀក អំឡុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ។ ឈាមរបស់លោក Trumpបានហូរពេញមុខរបស់លោក បន្ទាប់ពីការបាញ់ប្រហារ និងបង្ខំឲ្យក្រុមអង្គរក្សរបស់លោករោមលោកជុំជិត មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!”។

អ្នកស្រី Joanne Messios វ័យ ៦៩ឆ្នាំ គឺជាអ្នកគាំទ្រម្នាក់របស់លោក Trump បានចាត់ទុកការឆ្លើយតបរបស់លោក Trumpថាអង់អាចក្លាហាន ។ អ្នកស្រីនិយាយថា គាត់ពុំដែលមើលឃើញនរណាម្នាក់អាចក្រោកឈរតតាំងជាមួយខ្មាន់កាំភ្លើងបែបហ្នឹងបានឡើយ ។ សេវាកម្មសសម្ងាត់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនបាញ់ប្រហារបានស្លាប់ អ្នកចូលរួម​ការប្រមូលផ្តុំម្នាក់ ត្រូវបានសម្លាប់ ហើយទស្សនិកជន ២នាក់ផ្សេងទៀត បានរងរបួស ។

ប្រភពព័ត៌មាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឧបទ្ទវហេតុនេះ ត្រូវបានស៊ើបអង្កេតឃើញថា ជាការព្យាយាមធ្វើឃាត ៕