លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដោយនិយាយចំអកអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងមួយ ក្រោយពីនិយាយអួតថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យកម្មវិធីអាតូមិករបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ជាប់គាំង។
លោក Trump បានសរសើរការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនធ្លាប់មានពីមុនមក ដោយ «ការបំផ្លាញទាំងស្រុង» នៃសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបាននិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវដើរថយក្រោយច្រើនទសវត្សរ៍។ ប៉ុន្តែការបែកធ្លាយព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការសង្ស័យលើការវាយតម្លៃនោះ ដោយនិយាយថា ការវាយប្រហារទំនងជាពន្យារពេលសម្រាប់ទីក្រុងតេអេរ៉ង់ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ីស្រាអែល បានវាយលុកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ ខណៈអ៊ីរ៉ង់បានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់សត្រូវក្នុងតំបន់របស់ខ្លួន ជាការប្រឈមមុខដាក់គ្នាខ្លាំងក្លាបំផុតមិនធ្លាប់មាន។
សហរដ្ឋអាមេរិក បានចូលរួមក្នុងការគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួនពីរកន្លែងដោយគ្រាប់បែកខួងទម្លុះដីដ៏ធំកាលពីចុងសប្តាហ៍កន្លងទៅ ខណៈមីស៊ីលស៊ីបគោលដៅចេញពីនាវាមុជទឹកបានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរទីបី។
Leave a Reply