រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៥» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ជូនចំពោះ កាកបាទ​ក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រីភាព​បរិស្ថាន​ទាំង​អស់ ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាព​ស្អាតគួរ​ជាទីមោទនៈ ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជាមានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំងសាមគ្គីដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា២ម៉ឺននាក់ក្នុង ១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតជាមួយគ្នានៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានកោតសរសើរ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជា យើងឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។

លទ្ធផលជាក់ស្តែងដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជាសម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ជាពិសេសនៅតាមដងវិថីសំខាន់ៗលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាពសម្រាប់ប្រជាជនគ្រប់ជំនាន់ និងលើឆាកអន្តរជាតិ។ ការសម្រេចបាននូវសមិទ្ធផលនេះ មិនមែនជាការងាររបស់ស្ថាប័នណាមួយនោះទេ តែកើតចេញពីកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានមុន ជាពិសេស ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឯកឧត្តមក៏ជាស្ថាបនិកមេត្រីភាពបរិស្ថានផងដែរ។ ការងារដែលឯកឧត្តម សាយ សំអាល់ បានបន្សល់ទុក បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រសួង​បន្តធ្វើសុក្រឹតកម្មកិច្ចការបរិស្ថាន ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ៕