មន្រ្តីគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយកាលពីថ្ងៃពុធ (២៥ មិថុនា) ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅសប្តាហ៍ក្រោយនេះក្នុងប្រទេសប្រេស៊ីលទេ ដោយសារតែដីកាចាប់ខ្លួនមួយដែលចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
គួរឱ្យដឹងថា តុលាការ ICC បានចេញដីកានោះនៅឆ្នាំ២០២៣ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយចោទប្រកាន់លោក Putin ពីឧក្រិដ្ឋកម្មសង្រ្គាមក្នុងការនិរទេសកុមាររាប់រយនាក់ពីអ៊ុយក្រែន។ រុស្ស៊ី បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយវិមានក្រឹមឡាំង ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត ICC បានច្រានចោលដីកានេះទុកជាមោឃៈ។
ទោះយ៉ាងនេះក៏ដោយ ដីកាចាប់ខ្លួនមានន័យថា លោក Putin ចាំបាច់ត្រូវតែថ្លឹងថ្លែងហានិភ័យ ដែលលោកអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើធ្វើដំណើរទៅប្រទេសផ្សេងទៀត ដែលជាហត្ថលេខីនៃសន្ធិសញ្ញា ICC។ លោក Ushakov បាននិយាយថា លោក Putin នឹងចូលរួមជំនួបកំពូលនោះតាមរយៈការហៅជាវីដេអូនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលនឹងធ្វើឡើងពីថ្ងៃទី០៦-០៧ ខែកក្កដា នៅប្រេស៊ីល។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនោះដើម្បីតំណាងឱ្យប្រទេសរុស្ស៊ី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping ក៏នឹងមិនចូលរួមកិច្ចប្រជុំកំពូលនោះដែរ៕
Leave a Reply