នាវាចម្បាំងរុស្ស៊ីបន្លំខ្លួនអមការពារកប៉ាល់ដឹកប្រេង ឆ្លងកាត់ដែនទឹកអង់គ្លេស

បរទេស ៖ នាវាចម្បាំងរុស្ស៊ី ឈ្មោះ «Boikiy» បានប្រើប្រាស់លេខកូដ ID ក្លែងក្លាយ បន្លំខ្លួនទៅការពារកប៉ាល់ដឹកប្រេង The Sierra និង The Naxos ដែលរងទណ្ឌកម្ម ដើម្បីបើកឆ្លងកាត់ដែនទឹកអង់គ្លេស។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា បាឲ្យដឹងថា នាវាមួយគ្រឿងនេះ បានអមដំណើរ ជាមួយនាវាដឹកប្រេង ដែលរងការដាក់ទណ្ឌកម្ម ពីអង់គ្លេស និងអឺរ៉ុប កាលពីថ្ងៃសៅរ៍ ហើយ ថែមទាំងបង្ហាញពីរូបភាព បានបើកឆ្លងកាត់ ក្រោមស្ពាននៅប្រទេស ដាណឺម៉ាក ទៀតផង។

លោក Frederik Van Lokeren អ្នកវិភាគ និងជាអតីតអនុសេនីយ៍ឯក នៅក្នុងកងនាវាចរ ប្រទេសបែលហ្ស៊ិក បានកត់សម្គាល់ថា រុស្ស៊ីបានបិទសញ្ញា ប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ ហៅកាត់ AIS ទើបអាចបំភាន់ភ្នែក របស់ក្រុមអ្នកឃ្លាំមើល បាន។ លោកអះអាងថា ដោយសារតែ សកម្មភាពតាមដានរបស់លោកខាងលិច ប្រឆាំងនឹងកងនាវាដឹកប្រេងរបស់រុស្ស៊ី ទើបបានជារដ្ឋាភិបាលទីក្រុងមូស្គូ សម្រេចប្រើប្រាស់នាវាយោធារបស់ខ្លួន ដើម្បីការពារ ក្រុមកប៉ាល់ ដឹកប្រេង ទាំងនោះ។

ជុំវិញការអះអាងនេះ BBC Verify បានព្យាយាម ទាក់ទងទៅស្ថានទូតរុស្ស៊ី នៅទីក្រុងឡុងដ៍ ដើម្បីសុំការអត្ថាធិប្បាយ ផងដែរ ប៉ុន្តែ ពុំទាន់មានការឆ្លើយតប។

យ៉ាងណាមិញ កាលពីខែមុន យន្តហោះចម្បាំងរុស្ស៊ី Su-35 មួយគ្រឿង ធ្លាប់បានហោះ អមកប៉ាល់ដឹកប្រេង ចូលដែនអាកាស របស់ប្រទេស អេស្តូនី បន្ទាប់ពីប្រទេសនេះ បានព្យាយាមស្ទាក់ចាប់កប៉ាល់ ដែលត្រូវបានគេសង្ស័យថា បានដឹកប្រេង ដែលរងការដាក់ទណ្ឌកម្ម ដូចគ្នា៕

ប្រភពពី BBC