(ភ្នំពេញ)៖ តាមរយៈបណ្តាញសារព័ត៌មាននានា ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង ភ្ញៀវទេសចរណ៍ ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ។
ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន រួមមាន៖
១. សេរីភាពក្នុងការធ្វើដំណើរ៖ ការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឲ្យមនុស្សជាច្រើន រួមមាន កម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរ ឆ្លងព្រំដែនបាន ។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរ ដែលជាសេរីភាពជាមូលដ្ឋាន ចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា១៣) និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១២) ។
២. សិទ្ធិមានជីវភាពរស់នៅសមរម្យ៖ ការបិទព្រំដែនភ្លាមៗបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន ពាណិជ្ជករ កម្មករ និងអ្នកប្រកបអាជីវកម្មតូចៗ ។ ពួកគាត់នឹងបាត់បង់ប្រភពចំណូលចម្បង ដែលនឹងបង្ក ឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ការហូបចុក ផ្ទះសម្បែង និងសុខភាពផ្លូវចិត្ត ។ សិទ្ធិនេះត្រូវបាន វាយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១)។
៣. សិទ្ធិមានការងារធ្វើ៖ ការបិទព្រំដែនជាឯកតោភាគីដោយប្រទេសថៃ បានរារាំងពលករទេសន្តរប្រវេសន៍ មិនឱ្យទៅធ្វើការងារ ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមានការងារធ្វើ ដែលមានចែងក្នុងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា២៣) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ (មាត្រា៦) ។
៤. សិទ្ធិទទួលព័ត៌មាន៖ អ្នកធ្វើដំណើរ ពាណិជ្ជករ និងកម្មករ រាប់ពាន់នាក់ ត្រូវបានជាប់គាំងនិង ជ្រួលច្របល់នៅតាមព្រំដែន ដោយសារការបិទព្រំដែនជាឯកតោភាគីពីប្រទេសថៃ ដោយពុំបានជូនដំណឹង ឬចេញសេចក្តីប្រកាសផ្លូវការណាមួយជាមុន ។ សិទ្ធិទទួលបានព័ត៌មានត្រូវបានធានា ដោយកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៩) ។
៥. សិទ្ធិទទួលបានសុខភាព និងការអប់រំ៖ ទោះបីជាសិស្សានុសិស្ស និងអ្នកជំងឺត្រូវបានអនុញ្ញាត ឱ្យឆ្លងព្រំដែនក៏ដោយ ក៏ពួកគេនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេស អ្នកដែលមានបញ្ហា ពាក់ពន្ធ័នឹងឯកសារផ្សេងៗ ។ សិទ្ធិទាំងនេះ ត្រូវបានការពារដោយកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១២ ១៣ និង១៤) ។
៦. ការជួញដូរមនុស្ស៖ នៅពេលដែលច្រកព្រំដែនដែលមានសុវត្ថិភាព និងស្របច្បាប់ ត្រូវបានបិទ នឹង បង្ខំឱ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេស កម្មករដែល កំពុងត្រូវការការងារធ្វើ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេស ក្រុមជនងាយ រងគ្រោះ ដូចជា ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាព ជាដើម ។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ្នកនាំពាក្យរបស់ គ.ស.ម.ក. គឺ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា (០១២ ៦៨៦ ៧៩៨) និង ឯកឧត្តម ស៊ាង ចិន្តា (០៧៧ ៣៣៥ ៦៤៤) ៕
Leave a Reply