លោក Trump គ្រោងចូលលុយ៣០ពាន់លានដុល្លារអភិវឌ្ឍនុយក្លេអ៊ែស៊ីវិលជាមួយអ៊ីរ៉ង់

បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានពិភាក្សាគ្នា ក្នុងការជះថវិកាចន្លោះពី ២០ ទៅ ៣០ពាន់លានដុល្លារអាមេរិក យកទៅជួយអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិល របស់ប្រទេសអ៊ីរ៉ង់ ក្នុងករណីបើសាធារណរដ្ឋឥស្លាម មួយនេះ ពិតជាមិនផលិតគ្រាប់បែក បរិមាណូ ប្រាកដមែន នេះតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី២៦ ខែមិថុនា។

មន្ត្រីរដ្ឋបាល របស់លោក Trump បានប្រាប់ CNN ថា គម្រោងវិនិយោគ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ទាំងនោះ ធ្លាប់ត្រូវបានពិភាក្សា នៅក្នុងជុំមុនៗ នៃកិច្ចចរចានុយក្លេអ៊ែរ អំឡុងប៉ុន្មានខែ ថ្មីៗនេះ។ ក្រៅពីការជួយអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ហើយនោះ
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោន ក៏ចង់បន្ធូរបន្ថយទណ្ឌកម្ម ហើយ ក៏អនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ ចូលទៅប្រើប្រាស់ថវិកា ចំនួន ៦ពាន់លានដុល្លារ ដែលបច្ចុប្បន្ន កំពុងត្រូវបានបង្កក នៅក្នុងគណនីធនាគារ នៅបរទេស ឡើងវិញ ផងដែរ ជាថ្នូរនឹងការយល់ព្រមចូលតុចរចា របស់អ៊ីរ៉ង់។

ជាមួយគ្នានេះ បេសកកជន របស់លោក Trump គឺ លោក Witkoff បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នៅតែចង់ស្វែងរក កិច្ចព្រមព្រៀងសន្តិភាព ដ៏ទូលំទូលាយ ហើយបញ្ជាក់ថា អ៊ីរ៉ង់អាចមានកម្មវិធីនុយក្លេអ៊ែរ សម្រាប់គោលបំណងស៊ីវិល ដោយសន្តិវិធី ប៉ុន្តែអះអាងថា អ៊ីរ៉ង់មិនអាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ផលិតគ្រាប់បែក នោះទេ។

រីឯ លោក ប្រធានាធិបតី Donald Trump ទើបបានអះអាង ផងដែរថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់ នឹងជួបចរចាគ្នា ជាថ្មីទៀត នៅសប្តាហ៍ក្រោយ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា លោកមិនបានដឹង អំពីគម្រោងកិច្ចពិភាក្សាគ្នា នេះទេ។

គួរបញ្ជាក់ថា នៅមុនប្រតិបត្តិការយោធា របស់អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា មន្ត្រីអាមេរិក និងអ៊ីរ៉ង់បានជួបចរចា ចំនួន៥ជុំ ដើម្បីព្យាយាមឈានដល់ក្របខ័ណ្ឌ សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ អាមេរិកបានបង្ហាញសំណើ សុំចរចាជុំទី៦ នៅក្នុងប្រទេសអូម៉ង់។ តែ គម្រោងការចរចា ត្រូវបានបញ្ចប់វិញ ដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល ហើយអាមេរិកក៏បានលូកដៃ ចូលក្នុងជម្លោះនេះ ដោយបានទម្លាក់គ្រាប់បែក លើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ចំនួន៣ កន្លែង កាលពីថ្ងៃអាទិត្យ៕

ប្រភពពី CNN