[BREAKING NEWS | Update] ខ្មាន់កាំភ្លើងដែលបាញ់លោក Trump ត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ Thomas Matthew Crooks វ័យ ២០ ឆ្នាំ

សារព័ត៌មាន New York Post បានរាយការណ៍ដោយដកស្រង់ពីប្រភពថា ខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងយុទ្ធនាការបោះឆ្នោតមួយនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីល្ងាចថ្ងៃសៅរ៍ (១៣ កក្កដា) ត្រូវបានគេស្គាល់ថាឈ្មោះ ថូម៉ាស ម៉ាធូ ឃ្រុកស៍ (Thomas Matthew Crooks) ភេទប្រុស វ័យ ២០ ឆ្នាំនៅភូមិមួយឈ្មោះ បេថល ផាក (Bethel Park) រដ្ឋដដែលនេះ ដែលជាភូមិចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រនៅភាគខាងត្បូងពីព្រឹត្តិការណ៍ជួបជុំនៅក្រុង បាត់ល័រ (Butler) នេះ។។ បុរសនោះត្រូវបានសម្លាប់ដោយ កងអង្គរក្សសម្ងាត់ ហើយក្រោយមកកាំភ្លើងវែងប្រភេទ AR ត្រូវបានរកឃើញ។

យោងតាមសារព័ត៌មាន Washington Post បានឱ្យដឹងថា ហេតុផលនៃការវាយប្រហារដែលបានធ្វើឱ្យលោក Trump រងរបួស សម្លាប់អ្នកចូលរួមម្នាក់ និងពីរនាក់ទៀតរបួសយ៉ាងធ្ងន់ធ្ងរនេះ នៅមិនទាន់ច្បាស់នៅឡើយទេ។ New York Post បានរាយការណ៍ដោយដកស្រង់ប្រភពថា លោក Crooks បានលាក់ខ្លួននៅលើដំបូលរោងចក្រមួយកន្លែង ដែលមានចម្ងាយជាង ១១៨ ម៉ែត្រពីវេទិកាជួបជុំនោះ។

ភ្នាក់ងារពិសេស FBI ទទួលបន្ទុកលើហេតុការណ៍នេះលោក ខេវិន ស៉ូជេក (Kevin Rojek) បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលខ្មាន់កាំភ្លើងអាចបាញ់បានជាច្រើនគ្រាប់។ ក្រុមមន្ត្រីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនោះថា លោក Trump មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

លោក Trump ត្រូវបានគេបាញ់ចំត្រចៀកនៅឯការជួបជុំយុទ្ធនាការបោះឆ្នោតនៅពេលលោកកំពុងនិយាយទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងទីក្រុង Butler រយៈពេលពីរថ្ងៃប៉ុណ្ណោះមុនពេលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ត្រូវបានធ្វើឡើងដើម្បីតែងតាំងលោកជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *