បរទេស៖ អាជ្ញាធរនៃប្រទេសបារាំងបានបញ្ជាក់ ពីការចាប់ផ្តើមមានមនុស្សស្លាប់ ព្រោះតែរលកម្តៅ ដែលបានវាយប្រហារ ប្រទេសអឺរ៉ុប មួយនេះ នាប៉ុន្មានថ្ងៃ ចុងក្រោយមកនេះ។
លោកស្រី Agnes Pannier-Runacher រដ្ឋមន្ត្រី ទទួលបន្ទុកការផ្លាស់ប្តូរអេកូឡូស៊ី បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃពុធថា មនុស្សពីរនាក់បានស្លាប់ ដោយសារជំងឺ ទាក់ទងនឹងកំដៅក្តៅខ្លាំង។ ក្រៅពីនេះ មានមនុស្ស ជាង៣០០នាក់ផ្សេងទៀត បានរងរបួស ទទួលការព្យាបាល។
ប្រទេសបារាំងបានកំណត់ថា «ខែមិថុនា» ជាខែក្តៅបំផុត ទីពីរ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម នៅឆ្នាំ១៩០០ ក្នុងនោះ ខែមិថុនាក្តៅបំផុត ទី១ គឺស្ថិតនៅក្នុងឆ្នាំ ២០០៣ ជាឆ្នាំដែលធ្លាប់មានមនុស្សស្លាប់ប្រមាណ៥០០នាក់ ព្រោះតែជំងឺពាក់ព័ន្ធនឹងរលកកម្តៅ។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារអាកាសធាតុជាតិ របស់ប្រទេសបារាំង Meteo-France បានដាក់ទីក្រុងប៉ារីស និង តំបន់ចំនួន១៥ផ្សេងទៀត ស្ថិតក្នុងការប្រកាសអាសន្នអាកាសធាតុក្តៅបំផុត ជាមួយនឹងសីតុណ្ហភាពរហូតដល់៤១អង្សាសេ។
ជារួម សីតុណ្ហភាពខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប ក្នុងសប្តាហ៍នេះ បានបំបែកកំណត់ត្រាថ្មី ដែលនាំទៅដល់ការបិទសាលារៀន ជិត ២,០០០កន្លែង នៅក្នុងប្រទេសបារាំង គិតត្រឹម ថ្ងៃអង្គារ៕
ប្រភពពី AFP
Leave a Reply