ក្រុម Hacker ចូលលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជិះយន្តហោះអូស្ត្រាលី ចំនួន៦លាននាក់

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas បានអះអាង កាលពីថ្ងៃទី២ ខែកក្កដា ថា គណនីអតិថិជន ចំនួន៦លាននាក់ ត្រូវបានវាយប្រហារ តាមអ៊ីនធឺណិត ឬ ត្រូវបាន Hacker ចូលទៅលួចយកព័ត៌មានផ្ទាល់ខ្លួន របស់អ្នកជិះយន្តហោះ ទាំងនោះ។

ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយថា នេះគឺជាការរំលោភបំពានទិន្នន័យ ដ៏ធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ សម្រាប់ប្រទេសអូស្ត្រាលី ចំពេលដែលក្រុមហ៊ុនអាកាសចរណ៍ មួយនេះ កំពុងខិតខំកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីមានវិបត្តិ កេរ្តិ៍ឈ្មោះ។

ក្រុមហ៊ុន Qantas បានអះអាងថា ពួក Hacker បានកំណត់គោលដៅ លើមជ្ឈមណ្ឌល «ហៅទូរស័ព្ទ» និងទទួលបានសិទ្ធិ ចូលដំណើរការ ទៅកាន់វេទិកាសេវាកម្មអតិថិជន ភាគីទីបី ដែលមាន អ្នកជិះយន្តហោះ ចំនួន៦លាននាក់ ដើម្បីអាចចូលទៅលួចយក អាសយដ្ឋានអ៊ីមែល, លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និង លេខជើងហោះហើរ របស់អតិថិជន។

ក្រុមហ៊ុនមិនបានបញ្ជាក់ពីទីតាំង នៃមជ្ឈមណ្ឌលហៅទូរសព្ទ ឬ អតិថិជន ដែលត្រូវបានពួក Hacker វាយប្រហារនោះទេ។ តែ Qantas បានអះអាងថា ខ្លួនបានដឹងពីការបំពាននេះ បន្ទាប់ពីបានរកឃើញ សកម្មភាពមិនធម្មតា នៅលើវេទិកា ហើយ ក៏បានធ្វើសកម្មភាព ភ្លាមៗ ដើម្បីទប់ស្កាត់វា។

ក្រុមហ៊ុន Qantas បាននិយាយថា «យើងកំពុងបន្តស៊ើបអង្កេត អំពីសមាមាត្រនៃទិន្នន័យ ដែលត្រូវបានលួច ប៉ុន្តែ មិនមានផលប៉ះពាល់ដល់ប្រតិបត្តិការ ឬ សុវត្ថិភាពនោះទេ»។

កាលពីសប្តាហ៍មុន ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក បាននិយាយថា ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬ Scattered Spider កំពុងកំណត់គោលដៅ លើក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីក្រុមហ៊ុន Hawaiian Airlines និង ក្រុមហ៊ុន WestJet របស់ប្រទេសកាណាដា បានរាយការណ៍ អំពីការរំលោភបំពាន រួចហើយ។

ជាការកត់សម្គាល់ តម្លៃភាគហ៊ុន របស់ក្រុមហ៊ុន Qantas បានធ្លាក់ចុះ ៣.៣ ភាគរយ បន្ទាប់ពីកើតឡើងបញ្ហានេះ។ ក្រុមហ៊ុនដ៏ធំរបស់ប្រទេសអូស្ត្រាលី មួយនេះ កំពុងព្យាយាមស្តារទំនុកចិត្តសាធារណៈ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយពេលនោះ ក្រុមហ៊ុនធ្លាប់បានបណ្តេញបុគ្គលិក រាប់ពាន់នាក់ ដោយខុសច្បាប់ ក្នុងអំឡុងពេលបិទព្រំដែន ឆ្នាំ២០២០ ហើយក៏ធ្លាប់មានករណីលួចបន្លំលក់សំបុត្ររាប់ពាន់សន្លឹក សម្រាប់ជើងហោះហើរ ដែលបានលុបចោល រួចហើយ ផងដែរ។

គួរបញ្ជាក់ដែរថា ការបំពានទិន្នន័យ របស់អតិថិជន ចុងក្រោយនេះ គឺជាទម្រង់ខ្ពស់បំផុតនៅក្នុងប្រទេសមួយនេះ ពោលគឺ ចាប់តាំងពីប្រតិបត្តិករបណ្តាញទូរគមនាគមន៍ Optus និងក្រុមហ៊ុនធានារ៉ាប់រងសុខភាពដ៏ធំ Medibank បានរួមគ្នាដាក់ចេញ ច្បាប់បន្ទាន់ «ស្តីពីភាពធន់នឹងអ៊ីនធឺណិត» កាលពីឆ្នាំ២០២២៕

ប្រភព៖ CNA