(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល បានបញ្ជាក់ថា កាលបរិច្ឆេតនៃការរៀបចំដេញថ្លៃរួមមាន នៅខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ កក្កដា ២០២៥, រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ២០២៥ និងនៅខេត្តកណ្តាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។
នៅក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ និងដាយបង្កង នៅខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញថ្លៃធ្វើអាជីវកម្ម ឲ្យបាន១០ថ្ងៃ មុនកាលបរិច្ឆេទដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាល និងខណ្ឌរដ្ឋបាលជលផលភ្នំពេញ ដែលត្រូវដាក់ពាក្យស្នើសុំនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី- ខេត្តនីមួយៗ។ ដោយឡែក ចំពោះមន្ត្រីរាជការ មិនអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំដេញថ្លៃឡើយ ។ នៅទន្ទឹមនឹងគ្នានោះ រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលធ្លាប់ដេញថ្លៃបាន ប៉ុន្តែមិនគោរពកិច្ចសន្យា ជំពាក់ថ្លៃឈ្នួលគន្លងដាយ ឬបំណុលរដ្ឋផ្សេងៗ ក៏មិនអនុញ្ញាតឱ្យចូលដេញថ្លៃបានផងដែរ ។
រដ្ឋបាលជលផលនូវបានបញ្ជាក់ពីចំនួនគន្លងដាយត្រីដែលត្រូវដាក់ឲ្យសាធារណជនទូទៅដេញថ្លៃ ដែលរួមមាន នៅរាជធានីភ្នំពេញ មានចំនួន ១២គន្លង នៅខេត្តកណ្តាល មានចំនួន ១៦គន្លង និងនៅព្រៃវែងគន្លងដាយត្រីលេញ មានចំនួន៥ និងគន្លងដាយបង្កងមានចំនួន ១៣គន្លង ។ ដាយត្រី គឺជាឧបករណ៍ប្រភេទសំណាញ់ដែល រាជរដ្ឋាភិបាល បានកំណត់ក្នុងការដាក់នៅតាមទីតាំងគន្លងនីមួយៗ ទៅតាមបណ្តោយនៃខ្សែទឹកទន្លេ ។ សំណាញ់ដាយ ត្រូវបានគេដាក់ជាជួរ ពី១ទៅ៧ សំណាញ់ ដែលលាតសន្ធឹងកាត់ទន្លេ ដើម្បីចាប់ត្រីនៅពេលពួកវាហែលចេញពីបឹងទន្លេសាប ដើម្បីចាប់យកត្រីប្រហុក ។
យោងតាមឯកសារ ដាយត្រីមានអាយុកាលជាង ១៤០ឆ្នាំហើយ ដែលឧបករណ៍នេសាទនេះ ត្រូវបាននាំយកមកដោយអាជ្ញាធរអាណានិគមបារាំង នៅចន្លោះឆ្នាំ ១៨៧៣ និង ១៨៨៩ ដែលជាមធ្យោបាយក្នុងការចាប់ត្រី តូចៗយកមកប្រើក្នុងការធ្វើប្រេងត្រី ។ សព្វថ្ងៃនេះដាយត្រី គឺជាប្រភពក្នុងការនេសាទត្រីដ៏សំខាន់មួយសម្រាប់ធ្វើប្រហុក ៕
Leave a Reply