រដ្ឋបាលជលផល ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បាន​ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង​ដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ​ឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧ ។ យោងតាមសេចក្តីជូន​ដំណឹង​របស់រដ្ឋបាលជលផល បានបញ្ជាក់ថា កាលបរិច្ឆេតនៃការរៀបចំដេញថ្លៃរួមមាន នៅខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ កក្កដា ២០២៥, រាជធានីភ្នំពេញ នៅថ្ងៃ​ទី១ ខែសីហា ២០២៥ និងនៅខេត្តកណ្តាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។

នៅក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃ​ដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ និងដាយបង្កង នៅ​ខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញថ្លៃធ្វើអាជីវកម្ម ឲ្យបាន១០ថ្ងៃ មុនកាល​បរិច្ឆេទដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាល និងខណ្ឌរដ្ឋបាលជលផលភ្នំពេញ ដែលត្រូវដាក់ពាក្យស្នើសុំនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី- ខេត្តនីមួយៗ។ ដោយឡែក ចំពោះមន្ត្រីរាជការ មិនអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំដេញថ្លៃឡើយ ។ នៅទន្ទឹមនឹងគ្នានោះ រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលធ្លាប់ដេញថ្លៃបាន ប៉ុន្តែមិនគោរពកិច្ចសន្យា ជំពាក់ថ្លៃឈ្នួល​គន្លង​ដាយ ឬបំណុលរដ្ឋផ្សេងៗ ក៏មិនអនុញ្ញាតឱ្យចូលដេញថ្លៃបានផងដែរ ។

រដ្ឋបាលជលផលនូវបានបញ្ជាក់ពីចំនួនគន្លងដាយត្រីដែលត្រូវដាក់ឲ្យសាធារណជនទូទៅដេញថ្លៃ ដែលរួមមាន នៅរាជធានីភ្នំពេញ មានចំនួន ១២គន្លង នៅខេត្ត​កណ្តាល មានចំនួន ១៦គន្លង និងនៅព្រៃវែងគន្លងដាយត្រីលេញ មានចំនួន៥ និងគន្លងដាយបង្កងមានចំនួន ១៣គន្លង ។ ដាយត្រី គឺជាឧបករណ៍​​ប្រភេទសំណាញ់​ដែល រាជរដ្ឋាភិបាល បានកំណត់ក្នុងការដាក់នៅតាមទីតាំងគន្លងនីមួយៗ ទៅតាម​បណ្តោយនៃខ្សែទឹកទន្លេ ។ សំណាញ់ដាយ ត្រូវបានគេដាក់ជាជួរ ពី១ទៅ៧ សំណាញ់ ដែលលាតសន្ធឹងកាត់ទន្លេ ដើម្បីចាប់ត្រីនៅពេលពួកវាហែលចេញពីបឹង​ទន្លេសាប ដើម្បីចាប់យកត្រីប្រហុក ។

យោងតាមឯកសារ ដាយត្រីមានអាយុកាលជាង ១៤០ឆ្នាំហើយ ដែល​ឧបករណ៍​នេសាទនេះ ត្រូវបាននាំយកមកដោយអាជ្ញាធរអាណានិគមបារាំង នៅចន្លោះឆ្នាំ ១៨៧៣ និង ១៨៨៩ ដែលជាមធ្យោបាយក្នុងការចាប់ត្រី តូចៗយកមកប្រើក្នុងការ​ធ្វើប្រេងត្រី ។ សព្វថ្ងៃនេះដាយត្រី គឺជាប្រភពក្នុងការនេសាទត្រីដ៏សំខាន់មួយ​សម្រាប់ធ្វើប្រហុក ៕