(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកបានថ្លែងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកំពុងចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួនបន្ថែមទៀត។កម្ពុជាកំពុងពង្រីកទីផ្សារជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយយើងមិនបានពឹងផ្អែកតែទៅលើទីផ្សារតែមួយទេ។
គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ ឱ្យដឹងថា” យើងយកឱកាសនេះដើម្បីធ្វើប្រព្រឹត្តកម្ម សេដ្ចកិច្ចរបស់យើងផង យើងពង្រីកទីផ្សារឱ្យបានច្រើនផង ជាពិសេសទីផ្សារធំៗដូចជាប្រទេសចិន” ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានថ្លែងបញ្ជាក់ដែរថា”យើងបានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនៅថ្ងៃខាងមុខយើងនឹងមានកិច្ចប្រជុំបន្ថែមទៀត ដើម្បីរកនីតិវិធីធ្វើយ៉ាងណានាំផលិតផល, កសិកផលកសិកម្ម យើងទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។នេះជាការងារដែលក្រសួងពាណិជ្ជកម្មកំពុងធ្វើ ហើយយើងនឹងប្រជុំជាមួយសម្តេច បវរធិបតី នៅថ្ងៃទី១៦ខាងមុខ ដើម្បីពង្រីកទីផ្សារប្រទេសចិន។ យើងមានវិធានការសព្វគ្រប់យ៉ាងអស់ហើយ”។
គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិក បានទម្លាក់តម្លៃពន្ធជាមួយកម្ពុជាពី ៤៩ភាគរយ មកនៅត្រឹម ៣៦ភាគរយ ពោលគឺបានថយចុះចំនួន ១៣ភាគរយ (ប្រៀបធៀប ជាភាគរយថយចុះប្រមាណ ២៦,៥ភាគរយ បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យ កម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ផ្សេងទៀត។ ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក នាកន្លងមក។
ក្នុងពិធីនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ។
ឯកឧត្តមបានបន្ថែមឱ្យដឹងថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារ យ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្ម សហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ៕
Leave a Reply