អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។
នេះបើយោងតាមសេចក្តីជូមដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។
សេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ លំដាប់ 4F នេះ អាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗ ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ អាកាសយានដ្ឋាននេះរចនាឡើងជា ៣ ដំណាក់កាល ដោយ ដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាច ទទួល ភ្ញៀវ បាន ចំនួន ១៥ លាន នាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ទទួលភ្ញៀវបាន ៣០លាននាក់ និងដំណាក់កាលពី ៣ ចាប់ ពីឆ្នាំ២០៥០ អាច ទទួល ភ្ញៀវបាន ៤៥ លាននាក់ ។
អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១៥០០លានដុល្លារអាមេរិក ច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ គ្រោងបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា។
មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ និងឯកជន ដែលកាន់កាប់ភាគហ៊ុនធំដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពង់ ឃាវសែ និងភាគហ៊ុនមួយផ្នែក ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ៕
Leave a Reply