ភ្លើងឆេះព្រៃដ៏កំណាច បង្ខំបារាំងបិទ ព្រលានយន្តហោះ និងផ្អាកសេវារថភ្លើង

ប៉ារីស ៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅលេបត្របាក់តំបន់ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃទី៨ ខែកក្កដា ដោយបានបង្ខំឱ្យព្រលានយន្តហោះ Marseille បិទដំណើរការ និងរំខានដល់សេវាកម្មរថភ្លើង។

ការបិទអាកាសយានដ្ឋាន Marseille Provence ជាបណ្ដោះអាសន្ន បានប៉ះពាល់ដល់ជើងហោះហើរជាង៦៨ជើងហោះហើរ។ រីឯការធ្វើដំណើរតាមរថភ្លើងទៅ និង មកពីទីក្រុង Marseille ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

ភ្លើងឆេះព្រៃជាច្រើនទីតាំង ដែលបានឆាបឆេះក្នុងល្បឿនយ៉ាងលឿនប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគខាងត្បូងប្រទេសបារាំង ដោយសារមានការជំរុញពីខ្យល់បក់បោកខ្លាំង បន្ទាប់ពីរលកកំដៅ។

ជាវិធានការបង្ការគ្រោះថ្នាក់ អ្នកពន្លត់អគ្គិភ័យជាង ១,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង។ រីឯអាជ្ញាធរបានជម្លៀសប្រជាជនចេញពីលំនៅឋានមួយចំនួន ខណៈដែលមនុស្សជាង ១០០នាក់រងរបួស។

បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះបន្ទាន់នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងភាគខាងត្បូង និង ខាងជើងប្រទេសបារាំង ចំពេលមានអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង។

អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងពីស្នាដៃមនុស្សកំពុងបង្កើនអាំងតង់ស៊ីតេយូរអង្វែង និងភាពញឹកញាប់នៃរលកកំដៅក្តៅខ្លាំង ដែលជាដើមចងដុតបញ្ឆេះភ្លើងឆេះព្រៃ៕