រទេស ៖ អ៊ីស្រាអែលកំពុងរៀបចំបង្កើតទីក្រុង «មនុស្សធម៌» ថ្មីមួយ ប្រមូលផ្តុំ ប្រជាជនហ្គាហ្សាទាំងជាង២លាននាក់ រស់នៅជុំគ្នា ហើយញែកឲ្យដាច់ ពីក្រុមប្រដាប់អាវុធ ហាម៉ាស់ នេះបើតាមការបញ្ជាក់ពីសំណាក់ លោករដ្ឋមន្ត្រីការពារជាតិ Israel Katz ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី៨ ខែកក្កដា។
លោក Israel Katz បានអះអាងថា ទីតាំងមនុស្សធម៌ មួយនេះ ស្ថិតនៅក្នុង ទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza Strip។ លោកអះអាងថា ជាដំណាក់កាលដំបូង “ទីក្រុងមនុស្សធម៌” នេះ នឹងអាចផ្ទុកជនជាតិប៉ាឡេស្ទីន ប្រហែល ៦០ម៉ឺននាក់ ហើយបន្តបន្ទាប់មក ប្រជាជនសរុប ប្រមាណ ២.២លាននាក់ នឹងត្រូវបានដាក់ចូលទៅក្នុង “ទីក្រុង” នេះ តែមួយ ហើយ ត្រូវបានធានា ដោយយោធាអ៊ីស្រាអែល ពីចម្ងាយ តែ គ្មានការពាក់ព័ន្ធ នឹងអង្គការអន្តរជាតិ។
លោក Katz បានកត់សម្គាល់ថា ប្រជាជនប៉ាឡេស្ទីន នឹងឆ្លងកាត់ការត្រួតពិនិត្យ មុនពេលដាក់ចូលទៅក្នុង “ទីក្រុង” ដើម្បីធានាថា គ្មានប្រតិបត្តិករ របស់ ពួកហាម៉ាស់ បន្លំខ្លួនចូល។
យ៉ាងណាមិញ ភ្លាមៗ មានអ្នករិះគន់គំនិត ផ្តួចផ្តើមនេះ បានដាក់ស្លាក “ទីក្រុង” នេះ ថា ជាជំរុំអន្តោប្រវេសន៍ ហើយបានព្រមានអំពីការរំលោភសិទ្ធិមនុស្ស យ៉ាងទូលំទូលាយ ពីសំណាក់កងទ័ពអ៊ីស្រាអែល។ លោក Michael Sfard មេធាវីសិទ្ធិមនុស្ស ល្បីឈ្មោះ នៅអ៊ីស្រាអែល បានហៅគម្រោងនេះថា ជា”ផែនការប្រតិបត្តិការសម្រាប់ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ”។ លោក Sfard បានប្រាប់កាសែត The Guardian ថា បើទោះបីរដ្ឋាភិបាលនៅតែហៅថា ការនិរទេស ដោយស្ម័គ្រចិត្ត ប៉ុន្តែ ប្រជាជន នៅហ្គាហ្សា នៅតែស្ថិតនៅក្រោមវិធានការ «បង្ខិតបង្ខំ»។
គួរបញ្ជាក់ថា មនុស្ស យ៉ាងតិចណាស់ ចំនួន៥៧,០០០នាក់ បានស្លាប់ នៅតំបន់ហ្គាហ្សា ដែលភាគច្រើន ជាជនស៊ីវិល អំឡុងជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល រយៈពេល២១ខែ កន្លងមកនេះ៕
ប្រភពពី RT
Leave a Reply