លោក Trump ដាក់ពន្ធ ៣៥% លើកាណាដា ខណៈគិតចង់យកពន្ធ ១៥%-២០% លើអ្នកផ្សេងទៀត

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ៣៥% លើការនាំចូលពីប្រទេសកាណាដា នៅខែក្រោយនេះ ហើយគ្រោងនឹងបង្កើនពន្ធចំនួន ១៥% ឬ ២០% លើទំនិញរបស់ដៃគូពាណិជ្ជកម្មផ្សេងទៀតភាគច្រើន។

នៅក្នុងលិខិតមួយដែលចេញផ្សាយលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានប្រាប់លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney ថា អត្រាដ៏ខ្ពស់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ហើយព្រមានថាតួលេខនឹងកើនឡើងទៀត ប្រសិនបើកាណាដាសងសឹក។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោក Trump បាននិយាយថា ដៃគូពាណិជ្ជកម្មផ្សេងទៀតដែលមិនទាន់បានទទួលលិខិតបញ្ជាក់អត្រាពន្ធបែបនេះ ទំនងជានឹងប្រឈមមុខនឹងពន្ធយ៉ាងទូលំទូលាយ។

លោក Trump បាននិយាយក្នុងបទសម្ភាសន៍នោះថា៖ មិនមែនអ្នករាល់គ្នាត្រូវតែទទួលលិខិតនោះទេ អាមេរិកគ្រាន់តែកំណត់អត្រាពន្ធរបស់ខ្លួនប៉ុណ្ណោះ។ លោកបន្តថា “ប្រទេសដែលនៅសេសសល់ទាំងអស់នឹងត្រូវបង់ពន្ធ មិនថា ២០% ឬ ១៥% នោះទេ ហើយឥឡូវអាមេរិកកំពុងបន្តធ្វើការលើរឿងនេះ”។

គួរឱ្យដឹងថា លោក Trump បានពង្រីកសង្រ្គាមពាណិជ្ជកម្មរបស់លោកយ៉ាងខ្លាំងក្លាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយកំណត់ពន្ធថ្មីលើប្រទេសមួយចំនួន រួមទាំងសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង រួមជាមួយនឹងពន្ធ ៥០% លើលោហៈធាតុទង់ដែងដ៏សំខាន់ផងដែរ៕