១ សប្ដាហ៍ ក្រុមហ៊ូទីបាញ់ពន្លិចកប៉ាល់បើកទៅអ៊ីស្រាអែល ២ គ្រឿងចូលក្នុងសមុទ្រក្រហម

សាណាអា ៖ សមាជិកនាវិកចំនួន៦នាក់ត្រូវបានជួយសង្គ្រោះ ហើយយ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត និងបានពន្លិចវាចូលទៅក្នុងសមុទ្រក្រហម នេះបើតាមសេចក្តីរាយការណ៍របស់បេសសកម្មកងទ័ពជើងទឹកអឺរ៉ុប។

សារព័ត៌មាន BBC បានរាយការណ៍ឱ្យដឹងថា កប៉ាល់ដឹកទំនិញដែលមានដោតទង់ជាតិលីបេរីយ៉ា គឺជាកម្មសិទ្ធិក្រុមហ៊ុន Eternity C របស់ក្រិក បានក្រុមនាវិកចំនួន២៥នាក់ នៅពេលដែលវារងការខូចខាតធ្ងន់ធ្ងរ រហូតដល់លិចបាត់ទៅក្នុងសមុទ្រ ក្រោយរងការវាយប្រហារដោយគ្រាប់រ៉ុក្តែត ដែលបាញ់ចេញពីទូតល្បាតតូចៗរបស់ក្រុមប្រដាប់អាវុធហ៊ូទី កាលពីថ្ងៃចន្ទ។

ការវាយប្រហារនោះ បានបន្តរហូតដល់ថ្ងៃអង្គារ ហើយប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមពេញមួយយប់នៅថ្ងៃអង្គារដដែល។

ក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកប្រកាសថា មូលហេតុដែលពួកគេវាយប្រហារកប៉ាល់ Eternity C គឺដោយសារកប៉ាល់នោះ មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ បន្ទាប់ពីការវាយប្រហារនេះ ពួកគេបានចាប់ពង្រត់នាវិកនៅលើកប៉ាល់ជាច្រើននាក់នាំទៅកាន់ទីតាំងមានសុវត្ថិភាព។

ស្របពេលជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំប្រទេសយេម៉ែននិយាយថា ក្រុមឧទ្ទាមហ៊ូទីពិតជាបានចាប់ពង្រត់សមាជិកក្រុមនាវិកនៅលើកប៉ាក់ជាច្រើននាក់ និងបានអំពាវនាវឱ្យដោះលែងពួកគេជាបន្ទាន់។ ទន្ទឹមគ្នា អាជ្ញាធរហ្វីលីពីនបានអះអាងថា នាវិកចំនួន ២១នាក់គឺជាពលរដ្ឋរបស់ខ្លួន ហើយម្នាក់ទៀតជាជនជាតិរុស្សីដែលរងរបួសធ្ងន់ រហូតដល់បាត់បង់ជើងម្ខាង។

វាគឺជាកប៉ាល់ទីពីរហើយ ដែលក្រុមហ៊ូទីបានវាយប្រហារពន្លិចក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីក្រុមប្រដាប់អាវុធមានឥទ្ធិពលនៅយេម៉ែននេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏បានបាញ់មីស៊ីល និងវាយប្រហារដោយយន្តហោះដ្រូនលើកប៉ាល់ដឹកទំនិញដែលមានទង់ជាតិលីបេរីយ៉ាមួយទៀត គឺ Magic Seas ដោយពួកគេអះអាងថា វាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលបានរំលោភលើការហាមឃាត់ចូលចតនៅកំពង់ផែដែលគ្រប់គ្រងដោយជនជាតិប៉ាឡេស្ទីន។

ប៉ុន្តែជាសំណាងល្អ ក្រុមនាវិកនៅលើកប៉ាល់ Magic Seas ទាំង២២នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ដោយកប៉ាល់ពាណិជ្ជករដែលឆ្លងកាត់ទីនោះដែរ៕

ប្រភព ៖ BBC