ខេត្តពោធិ៍សាត់៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ។
ឯកឧត្តម ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បទបង្ហាញតម្រង់ទិស ដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ស្តីពី«ប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យ» នាពេលនេះ ជាសក្ខីភាព បង្ហាញ អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដើម្បីជួយ ពង្រឹង និងលើកកម្ពស់នូវប្រសិទ្ធភាព នៃការប្រមូល និងការផ្តល់ព័ត៌មាន របស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជូនដល់ប្រជាពលរដ្ឋ និងសាធារណៈមិត ឱ្យមានភាពល្អប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន បូណា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំពាក្យគឺការងារស្នូលរបស់អ្នកនាំពាក្យ គឺត្រូវពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យដើម្បីពាំនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស។ ឯកឧត្តមបានមានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ រួមមាន៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញ និងវិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ គុណភាព និងគុណធម៌ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.ពង្រឹងការយល់ដឹងពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងទី៥.ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិប្រកបដោយការរីកចម្រើននិងចីរកាល។ សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តពោធិ៍សាត់។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តចុះរៀបចំវគ្គបណ្តុះបណ្តាលនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់៕
Leave a Reply