ឯកឧត្ដម ប៉ែន បូណា៖ ប្រសិទ្ធភាពការងារព័ត៌មាននិងនាំពាក្យត្រូវពង្រឹងដើម្បីនាំការពិត និង​សមិទ្ធផល​របស់រាជរដ្ឋាភិបាលជូនពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ

ខេត្តពោធិ៍សាត់៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និង​អ្នកនាំពាក្យនៃរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ។

ឯកឧត្តម ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បទបង្ហាញតម្រង់ទិស ដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ស្តីពី​«ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ព័ត៌មាន និងនាំពាក្យ» នាពេលនេះ ជាសក្ខីភាព បង្ហាញ អំពីការយកចិត្តទុកដាក់ របស់​រាជ​រដ្ឋាភិបាល ដើម្បីជួយ ពង្រឹង និងលើកកម្ពស់នូវប្រសិទ្ធភាព នៃការប្រមូល និងការផ្តល់ព័ត៌មាន របស់​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជូនដល់ប្រជាពលរដ្ឋ និង​សាធារណៈ​មិត ឱ្យមានភាពល្អប្រសើរឡើង។

ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន បូណា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិទ្ធភាព​លើ​ការងារ​ព័ត៌មាន និងនាំពាក្យគឺការងារស្នូលរបស់អ្នកនាំពាក្យ គឺត្រូវពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និង​នាំ​ពាក្យ​ដើម្បី​ពាំនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ក៏​ដូច​ជា​ចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស។ ឯកឧត្តម​បានមានប្រសាសន៍បន្តថា វគ្គ​បណ្តុះប​ណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់​ៗ​ចំនួន​៥ រួមមាន៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ច​របស់​អ្នក​នាំពាក្យ​ប្រកប​ដោយ​ជំនាញ​ និង​វិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ គុណភាព និងគុណធម៌ ទី៣.​ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.​ពង្រឹង​ការ​យល់​ដឹង​ពី​របៀប​ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងទី៥.ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​សង្គមជាតិ​ប្រកប​ដោយ​ការ​រីកចម្រើននិងចីរកាល។ សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃ​ការងារ​ព័ត៌មាន​និង​នាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាល​ខេត្តពោធិ៍សាត់​។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តចុះរៀបចំវគ្គ​បណ្តុះបណ្តាល​នៅតា​មប​​ណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់៕