ណៃពិដោ ៖ ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ប្រទេសបង់ក្លាដែសបានចុះបញ្ជីលំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ធំបំផុត ចាប់តាំងពីការភៀសខ្លួនដ៏ច្រើននៃជនជាតិដើមភាគតិចមូស្លីមរបស់ប្រទេសមីយ៉ាន់ម៉ាជិតមួយទសវត្សរ៍មុនមក។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) និយាយថា ជនជាតិរ៉ូហ៊ីងយ៉ារហូតដល់ ១៥០.០០០នាក់បានមកដល់ជំរុំជនភៀសខ្លួន Cox’s Bazar របស់ប្រទេសបង់ក្លាដែស ចាប់តាំងពីដើមឆ្នាំ២០២៤។
អ្នកនាំពាក្យទីភ្នាក់ងារ UNHCR លោក Babar Baloch បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងរដ្ឋរ៉ាឃីន និងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាមូលហេតុបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ស្វែងរកជម្រកសុវត្ថិភាព និងការការពារនៅក្នុងប្រទេសបង់ក្លាដែស។
លោកថា កំណើនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាហូរចូលទៅក្នុងប្រទេសបង់ក្លាដែស ក្នុងរយៈពេលជាច្រើនខែមកនេះ គឺជាចំនួនដ៏ច្រើនបំផុតមកពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលមនុស្សប្រហែល ៧៥០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីអំពើហិង្សាដ៏សាហាវនៅក្នុងរដ្ឋរ៉ាឃីន ជាទឹកដីដើមកំណើតរបស់ពួកគេ។
លោក Baloch បន្ថែមថា ជំរុំសង្គ្រោះដែលមានទំហំត្រឹមតែ ២៤គីឡូម៉ែត្រការ៉េក្នុងប្រទេសបង់ក្លាដែស បានក្លាយជាកន្លែងមួយ ក្នុងចំណោមកន្លែងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ជាមួយគ្នានេះ លោក Baloch បានកោតសរសើរចំពោះសមានចិត្តបង់ក្លាដែស ដែលបានផ្តល់ជាម្ចាស់ផ្ទះទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងសប្បុរសជាច្រើនជំនាន់៕
ប្រភព ៖ AFP
Leave a Reply