ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ» ជូនដល់សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បាឋកថាស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ» នាព្រឹកថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។

ការអញ្ជើញផ្តល់បាឋកថានេះ គឺធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយរបស់យុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានសមាជិក សមាជិកា យុវជនគណបក្សចូលរួមសរុបចំនួន ៣,៥០០នាក់ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) ។

ក្នុងបទបាឋកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកអំពីទិដ្ឋភាពទូទៅ នៃការកែទម្រង់រដ្ឋបាលសាធារណៈទាំងនៅលើសកលលោក ទាំងនៅក្នុងបរិបទនៃកម្ពុជា។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។

សូមជម្រាបផងដែរថា វេទិកាផ្សព្វផ្សាយនេះក៏មានរៀបចំនូវការចូលរួមមតិយោបល់ និងការសាកសួរសំណួរពីសំណាក់សមាជិក សមាជិកាដែលជាយុវជនគណបក្សផងដែរ៕