ក្រសួងកសិកម្ម និងអង្គការ UNIDO គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដើម្បីបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture ឆាប់ៗខាងមុខ

(ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានយ៉ាងហោចណាស់ ចំនួន៤០នាក់ មកពី ២៥អង្គភាពនឹងបំពេញទស្សនកិច្ច ដែលរៀបចំឡើងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ UNIDO ដើម្បីទស្សនកិច្ចអ្នកសារព័ត៌មាន ក្នុងការបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Captureនាដើមខែកញ្ញាខាងមុខ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Shetty Seetharama THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) និងក្រុមការងារ ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន ជាលើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលមួយចំនួន ដែលទទួលបានជោគជ័យរបស់គម្រោង CAPFISH-Capture។

ប្រភពខាងលើនេះបានឱ្យដឹងថានៅក្នុងជំនួបដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការរវាងក្រសួង រដ្ឋបាលជលផល និងអង្គការ (UNIDO) ដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានប្រកបដោយជោគជ័យចំនួន ២លើកកន្លងមក ។

សម្រាប់ដំណើរទស្សនកិច្ចលើកទី៣ នាពេលឆាប់ៗខាងមុខនេះ លោកជំទាវសង្ឃឹមថា នឹងទទួលបានការចូលរួមកាន់តែផុលផុសពីសំណាក់អ្នកសារព័ត៌មាន ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុក ម្ហូបអាហារមានស្តង់ដារ ប្រកបដោយសុវត្ថិភាព ទៅកាន់សាធារណជនក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា បើគ្មានការប្រែប្រួលណាមួយទេ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងនៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដោយគ្រោងអញ្ជើញសារព័ត៌មានអ្នកសារព័ត៌មានប្រមាណ ៤០រូប មកពី ២៥ស្ថាប័ន ទៅកាន់សហគ្រាសកែច្នៃប្រហុក នៅភ្នំពេញ និងខេត្តសៀមរាប។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលជលផល បានសហការជាមួយអង្គការ UNIDO រៀបចំកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន (Media Roadshow) ចំនួន ២លើករួចមកហើយ។ កម្មវិធីលើកទី៣នេះ រៀបចំធ្វើដើម្បីបូកសរុបលទ្ធផលការងារនៃគម្រោង CAPFISH-Capture មុនពេលគម្រោងនេះ បិទបញ្ចប់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ៕