អ៊ីស្រាអែលឆ្លៀតបាញ់បង្ហោះផ្កាយរណប ទោះជាប់ដៃធ្វើសង្គ្រាម

ហ្សេរុយសាឡឹម ៖ ទោះបីជាប់ដៃក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ អ៊ីស្រាអែលបានឆ្លៀតបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងអវកាស Dror-1 ទៅកាន់ទីអវកាស នៅថ្ងៃទី១៣ ខែកក្កដា នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសអ៊ីស្រាអែល (ISA)។

ផ្កាយរណបនេះ អភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Israel Aerospace Industries ហៅកាត់ (ISA) ហើយវាត្រូវបានបាញ់បង្ហោះដោយជោគជ័យចេញពីទីតាំង Cape Canaveral ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក តាមរយៈគ្រាប់រ៉ុក្កែត SpaceX Falcon 9។

ផ្កាយរណបនេះដែរ បង្កើតឡើងក្នុងបំណងបំពេញតម្រូវការផ្នែកទំនាក់ទំនងរបស់អ៊ីស្រាអែលសម្រាប់រយៈពេល ១៥ឆ្នាំខាងមុខ ទាំងសម្រាប់ប្រតិបត្តិការជាប្រចាំ និងការសង្គ្រោះបន្ទាន់ ហើយនឹងគាំទ្របេសកកម្មសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមក្រុមហ៊ុន ISA។

ផផ្កាយរណបនេះ នឹងដំណើរការ ពី ចំណុច ថេរ ក្នុង លំហ ក្នុង រយៈ កម្ពស់ ៣៦.០០០គីឡូម៉ែត្រ។ វាមានទម្ងន់ប្រហែល ៤.៥តោន មានស្លាបប្រវែង ១៧.៨ម៉ែត្រ និងផ្ទុកអង់តែនដែលមានអង្កត់ផ្ចិត ២.៨ម៉ែត្រ ដែលជាអង់តែនធំបំផុតមិនធ្លាប់មានសម្រាប់ប្រើប្រាស់បំពាក់ក្នុងផ្កាយរណបទំនាក់ទំនងរបស់អ៊ីស្រាអែល។

ក្រុមហ៊ុន ISA បានលើកឡើងថា គម្រោងចាយទុនវិនិយោគចំនួន ២០០លានដុល្លារនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកឯករាជ្យភាពផ្នែកទំនាក់ទំនងរបស់អ៊ីស្រាអែល ដោយបញ្ចប់ការពឹងផ្អែកលើក្រុមហ៊ុនឯកជន។ ហើយដើម្បីគាំទ្រដល់គោលដៅនេះ អ៊ីស្រាអែលគ្រោងនឹងបាញ់បង្ហោះផ្កាយរណបប្រភេទដូចគ្នាចំនួន៩គ្រឿងបន្ថែមទៀតនាពេលអនាគត៕

ប្រភព ៖ ស៊ីហួរ