បរទេស៖ លោក Masoud Pezeshkian ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ ប៊ិះអស់ជីវិត អំឡុងការផ្លោងគ្រាប់ របស់អ៊ីស្រាអែល ក្នុងពេលមានកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ជាតិ កាលពីខែមុន នេះបើតាមការទម្លាយឲ្យដឹង ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Fars ដែលមានទំនាក់ទំនង ជាមួយអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម ដ៏មានឥទ្ធិពល របស់ប្រទេសមួយនេះ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Timesofisrael កាលពីថ្ងៃអាទិត្យ ដែលបានដកស្រង់ ប្រភពពី Fars បានឲ្យដឹងថា អំឡុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និង កាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ នៅថ្ងៃទី១៣, ១៤, ១៥ និង ១៦ ខែមិថុនា មានគ្រាប់បែក ឬ កាំជ្រួចចំនួន៦ គ្រាប់ បានធ្លាក់ចំពីលើអគារមួយ នៅភាគខាងលិច រដ្ឋធានី Tehran បណ្តាលឲ្យ លោកប្រធានាធិបតីត្រូវរបួសត្រង់ជើង ហើយ កិច្ចប្រជុំលើកនោះ ក៏មានវត្តមាន ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf, ប្រធានតុលាការ Gholam-Hossein Mohseni-Eje’i និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ផងដែរ។
របាយការណ៍ អះអាងទៀតថា គ្រាប់បានធ្លាក់លើច្រកចូលនៃអគារ ជាក់ស្តែង ដើម្បីប៉ុនប៉ង រារាំងអ្នកនៅខាងក្នុង មិនឱ្យចាកចេញ។ ទោះបីជាយ៉ាងណា លោកប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត បានអាចរត់គេចខ្លួនបាន តាមរនាំងសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះ កាលពីសប្តាហ៍មុន លោក Pezeshkian ក៏បានថ្លែងចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមសម្លាប់រូបលោក ផងដែរ អំឡុងបទសម្ភាសន៍មួយ ជាមួយអ្នកអត្ថាធិប្បាយនយោបាយអាមេរិក លោក Tucker Carlson។ លោកថា ក្រុមស៊ើបការណ៍សម្ងាត់ បានអះអាងប្រាប់លោកថា ពួកគេបានព្យាយាមទម្លាក់គ្រាប់បែក នៅតំបន់ ដែលកំពុងរៀបចំកិច្ចប្រជុំ។
គួររម្លឹកថា ការវាយប្រហារ របស់អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមិថុនា បានបណ្តាលឲ្យស្លាប់ប្រធានកងឆ្មាំបដិវត្តន៍អ៊ិស្លាម, ប្រធានកម្មវិធីមីស៊ីលផ្លោង ព្រមទាំង មេបញ្ជាការកងទ័ពកំពូលៗ មួយចំនួនទៀត។
ប៉ុន្តែ នៅថ្ងៃទី២៤ ខែមិថុនា ភាគីទាំងពីរបានទទួលយកបទឈប់បាញ់ ក្រោយការទម្លាក់គ្រាប់បែករបស់អាមេរិក លើអ៊ីរ៉ង់ បាន២ថ្ងៃ៕
ប្រភពពី AFP
Leave a Reply