បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានឲ្យដឹងថា ត្រឹមរយៈពេលជាង១ខែ ប្រជាជនប៉ាឡេស្ទីន ជិត៨០០នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងពេលប្រញាប់ប្រញាល់ ព្យាយាម ទៅយកជំនួយស្បៀងអាហារ នៅតំបន់ហ្គាហ្សា។
ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន France24 លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ហៅកាត់ OHCHR បានប្រាប់ថា ប្រាប់អ្នកកាសែត នៅទីក្រុងហ្សឺណែវ កាលពីសប្តាហ៍មុនថា ចាប់ពីចុងខែឧសភា ឆ្នាំ២០២៥មក ជនជាតិប៉ាឡេស្ទីន ចំនួន ៧៩៨នាក់ ត្រូវបានសម្លាប់ នៅតាមផ្លូវ មានក្បួនដឹកជំនួយ ដែលធ្វើឡើង ដោយអង្គការសហប្រជាជាតិ និង អង្គការជំនួយ ផ្សេងៗទៀត ។ តួលេខនេះ យោងតាមប្រភពជាច្រើន ដូចជា ព័ត៌មានពីមន្ទីរពេទ្យ, ទីបញ្ចុះសព, ក្រុមគ្រួសារ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន, អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង ដៃគូនានា នៅលើទឹកដី មួយនេះ។
មូលនិធិ ហ្គាហ្សា GHF ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ស្ទើរតែរាល់ថ្ងៃ អំពីកងកម្លាំងអ៊ីស្រាអែល បាញ់ទៅលើហ្វូងមនុស្ស ដែលរង់ចាំប្រមូលយកស្បៀងអាហារ។ បើតាម GHF បានឲ្យដឹងថា ខ្លួនបានផ្តល់អាហារ ជាង៧០លានកញ្ចប់ ដល់ប្រជាជនប៉ាឡេស្ទីន ដែលស្រេកឃ្លានខ្លាំង នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល៥សប្តាហ៍ ចុងក្រោយមកនេះ។
យ៉ាងណាមិញ អ៊ីស្រាអែល បាននិយាយ ម្តងហើយម្តងទៀតថា កងកម្លាំងរបស់ខ្លួន ធ្វើប្រតិបត្តិការ នៅជិតកន្លែងផ្តល់ជំនួយសង្គ្រោះទាំងនោះ ដើម្បីការពារទប់ស្កាត់ ការផ្គត់ផ្គង់ ដែលធ្លាក់ចូលទៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធ ហាម៉ាស់ ដែលខ្លួនកំពុងប្រយុទ្ធ នៅក្នុងសង្រ្គាម Gaza៕
ប្រភពពី France24
Leave a Reply