បរទេស៖ ប្រទេសបារាំង បានចេញការព្រមានថា នឹងផ្ទុះសង្គ្រាមខ្នាតធំ នៅទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០៣០ ដោយសារតែសកម្មភាពគំរាមកំហែងពីរុស្ស៊ី ព្រមទាំងឥទ្ធិពលអ៊ីរ៉ង់ ,ចិន, អំពើភេរវកម្ម, ក្រុមបំបែកខ្លួន និង ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬ Cyber Crime នេះបើតាមរបាយការណ៍ «ការត្រួតពិនិត្យយុទ្ធសាស្ត្រជាតិ» ឬ National Strategic Review របស់អគ្គលេខាធិការដ្ឋានការពារជាតិ និងសន្តិសុខជាតិ បារាំង ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកក្កដា។
របាយការណ៍ ដែលត្រូវបានទីភ្នាក់ងារព័ត៌មាន RT ចុះផ្សាយបន្ត កាលពីថ្ងៃទី១៥ ខែកក្កដា បានរៀបរាប់ថា «យើងកំពុងឈានចូលយុគសម័យថ្មីមួយ ក្នុងនោះ មានហានិភ័យខ្ពស់ នៃសង្គ្រាម កម្រិតខ្លាំងដ៏ធំ កើតមានចំពោះប្រទេសបារាំង និងសម្ព័ន្ធមិត្តអឺរ៉ុប។
ឯកសានេះបានអះអាង ដោយចោទប្រកាន់ទីក្រុងមូស្គូ ពីការវាយប្រហារ តាមអ៊ីនធឺណិត, ជ្រៀតជ្រែកការបោះឆ្នោត រួមនឹង ការធ្វើឃាត ជាដើម ហើយទីក្រុងមូស្គូ ខិតខំប្រឹងប្រែង ពង្រីកទំនាក់ទំនង ជាមួយទ្វីបអាហ្រ្វិក អាមេរិកឡាទីន និង អាស៊ី។
របាយការណ៍នេះ បានព្រមានថា ៥ឆ្នាំខាងមុខ រុស្ស៊ីអាចនឹងធ្វើសកម្មភាព បំពានលើប្រទេស ម៉ុលដូវ៉ា, តំបន់បាល់កង់ ឬ សមាជិករបស់អង្គការ ណាតូ ភាគខាងកើត។ រីឯ អ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឲ្យមានអស្ថិរភាព នៅមជ្ឈិមបូព៌ា ខណៈដែលប្រទេសចិន ត្រូវបានគេបង្ហាញថា កំពុងស្វែងរកការត្រួតត្រា ពិភពលោក។
អត្ថបទវិភាគនេះ ជំរុញដល់ប្រទេសបារាំង ត្រូវតែពង្រឹងកម្លាំងយោធា របស់ខ្លួន និងផ្លាស់ប្តូរសេដ្ឋកិច្ច របស់ខ្លួន ទៅជា “ការត្រៀមខ្លួនធ្វើសង្រ្គាម” ហើយ អំពាវនាវឱ្យមានការវិនិយោគថ្មីលើវិស័យការពារជាតិ ទាំងនៅក្នុងប្រទេស និងនៅទូទាំងសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការឈ្លានពាន។
ការបោះពុម្ភផ្សាយនេះ បានកើតឡើង ចំពេលដែលសហភាពអឺរ៉ុប មានយោធា កាន់តែទូលំទូលាយ។ ជាក់ស្តែង អឺរ៉ុប ទើបបានអនុម័តគំនិតផ្តួចផ្តើម ពង្រឹងសព្វាវុធឡើងវិញ ឬ ReArm Europe ដែលមានទឹកប្រាក់ចំនួន ៨០០ពាន់លានអឺរ៉ូ ហើយ កាលពីខែមុន សមាជិកអង្គការយោធាណាតូ របស់អឺរ៉ុប បានយល់ព្រមបង្កើនការចំណាយ លើវិស័យការពារជាតិ ដល់ទៅ៥% នៃផលិតផលក្នុងស្រុកសរុប ឬ GDP ដោយយកលេសថា មានការគំរាមកំហែង ពីរុស្ស៊ី។
យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោល ការអះអាងដែលថា រុស្ស៊ី មានផែនការ វាយប្រហារលោកខាងលិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកខាងលិច ប្រើប្រាស់ បញ្ហាប្រទេស រុស្ស៊ី ជា ល្បិចស្មោគគ្រោក បង្ហាញអំពីភាពត្រឹមត្រូវ នៃការបង្កើនថវិការ លើវិស័យយោធា។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់មេដឹកនាំលោកខាងលិចថា បានបំភ្លេចប្រវត្តិសាស្ត្រ ហើយបានជំរុញអឺរ៉ុប ឆ្ពោះទៅរកការប៉ះទង្គិចដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្ស៊ី៕
ប្រភពពី RT
Leave a Reply