បរទេស ៖ អ្នកឃ្លាំមើលសង្គ្រាមបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាង ៣៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីចុងសប្តាហ៍ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា នៅក្នុងខេត្ត Sweida ភាគខាងត្បូង នៃប្រទេសស៊ីរី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ចាប់តាំងពីការប៉ះទង្គិចគ្នា បានផ្ទុះឡើង កាលពីថ្ងៃអាទិត្យ យុទ្ធជន Druze ចំនួន ៧៩នាក់ ត្រូវបានសម្លាប់ រួមជាមួយនឹងជនស៊ីវិល ៥៥នាក់។ មនុស្ស ២៧នាក់ ត្រូវបានប្រហារជីវិត ដោយមន្ត្រីក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ខណៈដែលមន្ត្រីរដ្ឋាភិបាល ១៨៩ នាក់ និង យុទ្ធជន Bedouin ចំនួន ១៨នាក់ ត្រូវបានសម្លាប់ ផងដែរ។ នៅមុននេះ អ្នកឃ្លាំមើល បាននិយាយថា ចំនួនអ្នកស្លាប់ មានចំនួន ត្រឹម៣០០នាក់។
ក្រុមសង្កេតការណ៍ បាននិយាយថា ជនរងគ្រោះ នៅក្នុងតំបន់ Sweida រួមមានទាំង អ្នកសារព័ត៌មានម្នាក់ ឈ្មោះ Hassan al-Zaabi ផងដែរ។ ជាមួយគ្នានេះ សហជីពរបស់អ្នកកាសែតស៊ីរី បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា លោក Zaabi ត្រូវបានបាញ់សម្លាប់ ដោយ “ក្រុមជនពាល” នៅក្នុងខេត្ត Sweida ខណៈពេលដែលកំពុងបំពេញការងារ ប៉ុន្តែ មិនបាននិយាយថា អ្នកសារព័ត៌មាន រូបនេះ ធ្វើការនៅស្ថាប័នណា នោះទេ។
រីឯ អ្នកឃ្លាំមើល មានមូលដ្ឋាន នៅចក្រភពអង់គ្លេស ដែលពឹងផ្អែកលើបណ្តាញប្រភព នៅក្នុងប្រទេសស៊ីរី បានរាយការណ៍ បន្ថែមថា មន្ត្រីក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសស៊ីរី ផងដែរ៕
ប្រភពពី AFP
Leave a Reply