UN ថា អ៊ីស្រាអែលរំលោភបូរណភាពទឹកដីរបស់ស៊ីរី

បរទេស ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានចោទប្រកាន់ប្រទេស អ៊ីស្រាអែល ថា បានរំលោភ លើអធិបតេយ្យភាព និង បូរណភាពទឹកដី របស់ប្រទេសស៊ីរី។

ក្នុងអំឡុងពេលកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅមជ្ឈិមបូព៌ា លោក Mohamed Khaled Khiari អគ្គលេខាធិការរង ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា បានចោទប្រកាន់រដ្ឋអ៊ីស្រាអែលថា បានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី។

លោក អំពាវនាវឲ្យប្រទេសទាំងពីរ គោរពកិច្ចព្រមព្រៀង «ផ្តាច់កម្លាំង ឆ្នាំ១៩៧៤» ដើម្បីរក្សានូវ បទឈប់បាញ់ ដើម្បីកសាង ស៊ីរីថ្មី ដោយសន្តិភាព។

រីឯ លោក Koussay Aldahhak តំណាងអចិន្ត្រៃយ៍ នៃ សាធារណរដ្ឋអារ៉ាប់ស៊ីរី បានច្រានចោលទាំងស្រុង នូវលេសដែលប្រើប្រាស់ ដោយអាជ្ញាធរអ៊ីស្រាអែល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពឈ្លានពានទាំងនេះ ដោយអះអាងថា ការអនុវត្តដូច្នោះ គ្រាន់តែជាការពង្រីកគោលនយោបាយ ជាប្រព័ន្ធ របស់របបកាន់កាប់ ក្នុងគោលបំណង ធ្វើឱ្យខូចស្ថិរភាព របស់ប្រទេសស៊ីរី តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហារប្រទេសស៊ីរី ម្តងហើយម្តងទៀត ចាប់តាំងពីក្រុមយុទ្ធជនអ៊ីស្លាម បានផ្ដួលរំលំមេដឹកនាំសម្ព័ន្ធមិត្ត របស់អ៊ីរ៉ង់ គឺ លោកអតីតប្រធានាធិបតី Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។ ជាក់ស្តែង កាលពីថ្ងៃពុធ សប្តាហ៍នេះ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែក បំផ្លាញអគាររបស់រដ្ឋាភិបាលស៊ីរី នៅក្នុងរដ្ឋធានី ដាម៉ាស់ ផងដែរ៕

ប្រភពពី AFP