អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថារុស្ស៊ីបើកចំហចំពោះសន្តិភាពជាមួយអ៊ុយក្រែនប៉ុន្តែការសម្រេចបាននូវគោលដៅរបស់ខ្លួននៅតែជាអាទិភាព ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ពេលវេលាដល់ទីក្រុងមូស្គូរយៈពេល៥០ថ្ងៃដើម្បីយល់ព្រមលើបទឈប់បាញ់ ពុំនោះនឹងប្រឈមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។
លោក Peskov និងមន្ត្រីរុស្ស៊ីផ្សេងទៀតបានច្រានចោលការចោទប្រកាន់ពីទីក្រុង Kyiv និងដៃគូលោកខាងលិចរបស់ខ្លួនអំពីភាពជាប់គាំងនៃកិច្ចចរចាសន្តិភាព។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូនៅតែបន្តបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដោយបានបើកការវាយប្រហារដោយយានដ្រូនបន្ថែមទៀតក្នុងរយៈពេលតែមួយយប់ ដែលមានចំនួនច្រើនជាងរាល់លើកក្នុងអំឡុងពេលជាច្រើនខែក្នុងឆ្នាំ២០២៤ ។
នៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា មន្ត្រីរបស់លោកបានស្នើឱ្យមានកិច្ចចរចាសន្តិភាពថ្មីមួយក្នុងសប្តាហ៍នេះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា ខ្លួនពុំទាន់កំណត់កាលបរិច្ឆេទសម្រាប់ការចរចារនៅឡើយ ប៉ុន្តែ បាននិយាយថា ទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគី ទំនងនៅតែជាទីក្រុងរៀបចំការចរចាសន្តិភាពដដែល ។
គួររម្លឹកថា នៅក្នុងជំនួបចរចាសន្តិភាពជុំមុនៗ រុស្ស៊ីបានគូសបញ្ជាក់ពីបញ្ជីនៃការទាមទារដ៏រឹងត្អឹង ដែលមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែន ដោយអំពាវនាវឱ្យប្រទេសនេះប្រគល់តំបន់អ៊ុយក្រែនចំនួនបួនដែលរុស្ស៊ី អះអាងថាជារបស់ខ្លួន និងបដិសេធការគាំទ្រផ្នែកយោធារបស់លោកខាងលិច៕

Leave a Reply