

ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លានរាប់សិបនាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា កាលពីថ្ងៃអាទិត្យ (២០ កក្កដា) ខណៈពេលពួកគេសម្រុកទៅយកស្បៀងអាហារនៅរថយន្តដឹកទំនិញរបស់អង្គការសហប្រជាជាតិ នៅក្នុងឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយដែលទាក់ទងនឹងការចែកចាយជំនួយបែបនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ស្របពេលអ៊ីស្រាអែល ចេញបទបញ្ជាជម្លៀសថ្មីសម្រាប់តំបន់ជាច្រើនដែលពោរពេញទៅដោយជនភៀសខ្លួន។
កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តជំនួយរបស់ខ្លួនដែលដឹកស្បៀងអាហារ “បានជួបនឹងហ្វូងជនស៊ីវិលស្រេកឃ្លានយ៉ាងខ្លាំង ដែលបានរងការបាញ់ប្រហារ” ភ្លាមៗបន្ទាប់ពីក្បួនរថយន្តឆ្លងកាត់ព្រំដែនពីអ៊ីស្រាអែល។
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ហ្កាហ្សាមើលឃើញថ្ងៃដែលមានអ្នកស្វែងរកជំនួយស្លាប់ច្រើនបំផុតក្នុងសង្គ្រាមជាង ២១ខែមកនេះ ដោយជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៥នាក់ ត្រូវសម្លាប់ ក្នុងពេលកំពុងដណ្ដើមយកស្បៀងអាហារកាលថ្ងៃអាទិត្យ និងរាប់សិបនាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែល ជំទាស់នឹងចំនួនអ្នកស្លាប់ដ៏ច្រើននេះ ប៉ុន្តែនិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ ដើម្បីលុបបំបាត់ “ការគំរាមកំហែងភ្លាមៗ”។
មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មាន AP ថា កងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមយកអាហារពីក្បួនរថយន្ត។ មន្រ្តីហាម៉ាសម្នាក់ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមសកម្មប្រយុទ្ធមួយនេះខឹងសម្បារយ៉ាងខ្លាំងដោយសារតែចំនួនអ្នកស្លាប់យ៉ាងច្រើនលើសលប់ និងវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ក្នុងដែនដីហ៊ុមព័ទ្ធ ហើយថា រឿងទាំងអស់នេះអាចប៉ះពាល់ខ្លាំងដល់កិច្ចពិភាក្សាបទឈប់បាញ់ ដែលកំពុងដំណើរការនៅប្រទេសកាតា៕

Leave a Reply