មន្ទីរពេទ្យកូវ៉ែត នៅក្រុង Rafah បានបិទដំណើរការ ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល

មន្ត្រីវេជ្ជសាស្រ្តប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃចន្ទ (២៧ ឧសភា) ពីការបិទមន្ទីរពេទ្យកូវ៉ែត ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមពីរ ដែលនៅតែដំណើរការនៅទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងទីក្រុងនេះ។

 

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ជំហាននេះត្រូវបានធ្វើឡើងដោយសារតែការពង្រីកប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែល នៅក្រុងរ៉ាហ្វា និងការវាយលុកដោយចេតនាម្តងហើយម្តងទៀតទៅលើតំបន់ជុំវិញមន្ទីរពេទ្យ ដោយចុងក្រោយបំផុតគឺបានកំណត់គោលដៅលើច្រកទ្វារមន្ទីរពេទ្យ ដែលបណ្តាលឱ្យគ្រូពេទ្យពីរនាក់បានស្លាប់។

 

ទន្ទឹមនឹងនេះ មន្ទីរពេទ្យ អាល់អាកសា (Al-Aqsa) ក្នុងទីក្រុង ឌើ អាល់បាឡា (Deir al-Balah) កណ្តាលតំបន់ហ្កាហ្សាស្រ្ទីប បានព្រមានថា ការទប់ស្កាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់កងទ័ពអ៊ីស្រាអែល អាចនាំឱ្យមានការផ្អាកសេវាសុខភាពក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ មន្ទីរពេទ្យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បាននិងកំពុងរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ មក។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មន្ទីរពេទ្យនេះផ្តល់សេវាថែទាំ និងសេវាសុខភាពដល់អ្នកជំងឺ និងរបួសជាង ១.២០០ នាក់ រួមទាំងអ្នកជំងឺខូចក្រលៀនចំនួន ៦០០ នាក់ ដែលត្រូវការលាងឈាម ហើយការព្យាបាលរបស់ពួកគេនឹងត្រូវផ្អាកក្នុងរយៈពេលប៉ុន្មានម៉ោងដែលអាចបណ្ដាលឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រេងឥន្ធនៈមិនត្រូវបានផ្គត់ផ្គង់៕