សីតុណ្ហភាពនៅប្រទេសប៉ាគីស្ថាន រលកកម្តៅឡើងលើសពី ៥២អង្សាសេ

ការិយាល័យឧតុនិយម បាននិយាយកាលពីថ្ងៃច័ន្ទថា សីតុណ្ហភាពបានកើនឡើងលើសពី ៥២ អង្សាសេ នៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ជាការបង្ហាញសីតុណ្ហភាពខ្ពស់បំផុតនៅរដូវក្តៅ និងខិតជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុតរបស់ប្រទេស ក្នុងពេលមានរលកកម្តៅនៅតែបន្ត។

មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានឧតុនិយមប្រទេសប៉ាគីស្ថាន លោក Shahid Abbas បានប្រាប់សារព័ត៌មានរ៉យទ័រថា នៅក្នុងក្រុង ម៉ូហេនចូ ដារ៉ូ(Mohenjo Daro) ជាក្រុងមួយក្នុងខេត្ត Sindh ល្បីល្បាញដោយសារទីតាំងវត្ថុបុរាណ ដែលមានមកតាំងពីអរិយធម៌ជ្រលងភ្នំ Indus សីតុណ្ហភាពបានកើនឡើងខ្ពស់ រហូតដល់ ៥២,២អង្សាសេ។
ការកើតមានសីតុណ្ហភាពខ្ពស់នេះ គឺជាកម្រិតខ្ពស់បំផុតនៅរដូវក្តៅ រហូតមកដល់ពេលនេះ ហើយបានខិតជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុតនៅក្នុងទីក្រុង និងប្រទេស ដែលឈានដល់កម្រិត៥៣,៥អង្សាសេ និង ៥៤អង្សាសេ។ ក្រុង Mohenjo Daro គឺជាក្រុងតូចមួយ ដែលជួបប្រទះរដូវក្តៅ ក្តៅខ្លាំង និងរដូវរងាក្តៅមធ្យម ហើយមានភ្លៀងធ្លាក់តិច ប៉ុន្តែទីផ្សារមានកម្រិត ខណៈហាងនំប៉័ង ហាងលក់តែ ហាងជួសជុលគ្រឿងអេឡិចត្រូនិក និងហាងលក់បន្លែ ផ្លែឈើ ដែលជាធម្មតាមានសភាពអ៊ូអរដោយមានអតិថិជនច្រើន។ ប៉ុន្តែក្នុងពេលមានរលកកម្តៅបច្ចុប្បន្ន ហាងនានា ស្ទើរតែគ្មានមនុស្សចូល។

រលកកម្តៅនៅពេលនេះ ត្រូវបានគេរំពឹងថានឹងថយចុះនៅ ក្រុង Mohenjo Daro និងតំបន់ជុំវិញ ប៉ុន្តែអំឡុងពេលណាមួយ ត្រូវបានគេរំពឹងថានឹងវាយលុកនៅតំបន់ផ្សេងទៀតនៅក្នុងខេត្ត Sindh រួមទាំងរដ្ឋធានី Karachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងទ្វីបអាស៊ី ក្នុងរយៈពេលមួយខែកន្លងទៅនេះ ទំនងជាកាន់តែមិនអំណោយផលខ្លាំង ដោយសារតែបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។