មេសន្តិសុខកំពូលអ៊ីរ៉ង់ហោះទៅអ៊ីរ៉ាក់ និងលីបង់

តេហេរ៉ង់ ៖ ប្រមុខសន្តិសុខកំពូលអ៊ីរ៉ង់ លោក Ali Larijani នៅថ្ងៃទី១១ ខែសីហា បានឈប់សំចតនៅប្រទេសអ៊ីរ៉ាក់ មុនពេលហោះហើរទៅកាន់ប្រទេសលីបង់ ជាកន្លែងអ៊ីរ៉ង់ និងលីបង់គាំទ្រផែនការជំរុញឲ្យក្រុមសកម្មប្រយុទ្ធ Hezbollah រំសាយអាវុធ។

កំលុងពេលនៅអ៊ីរ៉ាក់ លោក Larijani បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ លោក Qassem al-Araji និងបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ ក៏ដូចជាស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Araji។

មន្ត្រីអ៊ីរ៉ាក់កំពូលម្នាក់បានប្រាប់សារព័ត៌មាន AFP ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក
Larijani នេះ គឺដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិសុខ និងជូនដំណឹងដល់អ៊ីរ៉ាក់ អំពីគោលជំហររបស់អ៊ីរ៉ង់លើការវិវត្តចុងក្រោយបំផុត ទាក់ទងនឹងជម្លោះជាមួយរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក្រោយមកបានរាយការណ៍ថា លោក Larijani និងលោក Araji បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផ្នែកសន្តិសុខរួមគ្នា។ មិនមានព័ត៌មានលម្អិតភ្លាមៗ អំពីកិច្ចព្រមព្រៀងសន្តិសុខនោះទេ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានសន្តិសុខអ៊ីរ៉ង់រូបនេះ ក៏បានជួបជាមួយលោកប្រធានាធិបតីអ៊ីរ៉ាក់ Abdul Latif Rashid និងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani ផងដែរ។

លើសពីនេះ លោក Larijani ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសលីបង់ ជាកន្លែងដែលគាត់នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់លីបង់ និងឥស្សរជនដទៃទៀតផងដែរ ពិសេសពិភាក្សាអំពីការរំសាយអាវុធរបស់ក្រុមដាប់អាវុធហេសបូឡា៕